ព័ត៌មានទាន់ហេតុការណ៍៖

ការ​ជួយ​ពលរដ្ឋ​ក្រីក្រ និងផ្តល់ការអប់រំដល់​កុមារជួយ​ឱ្យ​អ្នកស្រី​ ផាន់ លក្ខិណា ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១ ការ​ជួយ​កុមារក្រីក្រ​​ឱ្យ​ទទួលបានការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ជួយ​សង់​ផ្ទះឱ្យ​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​អ្នក​ស្រី ផាន់ លក្ខិណា​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខនារី​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូSmart ឆ្នាំ​២០២០។

ឥឡូវនេះ អ្នកស្រី​​បាន​ជាប់​ជា​បេក្ខនារី​​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើអ្នកស្រី​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី អ្នក​ស្រី​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​

អ្នកស្រី​ ផាន់ លក្ខិណា ដែល​កើត​ក្នុងគ្រួសារ​ក្រីក្រ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អតីត​បុគ្គលិក​របស់​​អង្គការ​មិនមែន​រដ្ឋាភិបាល​​រយៈពេល១០​ឆ្នាំ។ ក្នុង​អំឡុង​ពេលបំពេញការងារ អ្នកស្រី​តែង​តែង​ស្រម៉ៃ​ចង់​មាន​ឱកាស​មួយ​ដើម្បី​​​​ជួយ​យក​អាសារ​ពលរដ្ឋ​ដែលជួប​ការ​លំបាក។

ជាក់ស្តែង ក្រោយការ​ចាក​​ចេញ​ពលរដ្ឋ​​សហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញនៅ​ឆ្នាំ​២០០៩ អ្នក​ស្រី​ជាមួយ​នឹងស្វាមី​​​​បាន​ជួយ​ពួកគេ​បន្ទាប់ពីពលរដ្ឋទាំង​នោះ​​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅរស់នៅ​​ក្នុង​ភូមិ​ស្រះ​ពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថា​សហគមន៍តង់ខៀវ។

អ្នកស្រី​បានថ្លែងថា៖ “នៅពេលនោះយើងបានជួយពួកគាត់ក្នុងនាម​ពួក​ខ្ញុំ​ជា​សប្បុរស​ជន។ ខ្ញុំ​បាន​​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​រៃ​អង្គាស​ប្រាក់​ពី​មិត្ត​ភក្តិ​​ដើម្បី​ទិញ​សំពត់តង់​ចែកជូនដល់​ពលរដ្ឋ​ទាំង​នោះដោយ​សារ​ឃើញ​​​ពួក​គាត់មានការ​លំបាក”។

នៅដើម​ឆ្នាំ​២០១១ ដោយ​ទទួលបានជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេសអូស្រ្តាលី អ្នកស្រី​​​បានមក​បង្កើត​​អង្គការ​មួយ​ឈ្មោះថាអង្គការ​ម៉ាណាជីវិត​ ជាមួយ​​ស្វាមី​របស់​អ្នកស្រី។ ​ក្រោយ​មក អង្គការ​​របស់​អ្នកស្រី​ក៏​ទទួលបាន​​ជំនួយ​បន្ថែម​ពី​ព្រះវិហា​រ​គ្រីស្ទសាសនា​នៅ​ប្រទេសកាណាដា និងណូវែល​សេឡង់។

អ្នក​ស្រី​បន្ថែម​​ថា៖ “ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេល​ខ្ញុំ​ឃើញ​ពួក​គាត់លំបាក វា​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​អតីត​កាល​​របស់​ខ្ញុំុ។ ដូច្នេះ ខ្ញុំគិតថាពួក​គាត់​គួរ​ទទួលបាន​ជំនួយ​ដូចជា​ផ្ទះ​ជា​ដើម។ ដូច្នេះ​ខ្ញុំបានសម្រេច​ចិត្ត​បើក​អង្គការ​នេះ​ឡើង​ដើម្បី​ជួយ​ពួកគាត់”។

បន្ទាប់មក អង្គការ​របស់អ្នកស្រីបាន​សាងសង់​កូនផ្ទះតូច​ៗ​ចំនួន ៩៣​ខ្នង​ជូន​ពលរដ្ឋ​សហគមន៍​តង់ខៀវ​ និង​អតីតពលរដ្ឋ​សហគមន​បុរី​កីឡា ដែលគម្រោងនេះ​បាន​​បញ្ចប់នៅឆ្នាំ​២០១៣ ហើយក្នុង​ពេលជាមួយគ្នា​នោះដែរ​ក៏មាន​ការ​បើក​វគ្គបង្រៀន​​កុំព្យូទ័រ​ដល់​​កុមារផងដែរ។

អ្នកស្រី ធី​ ស្រី អាយុ ៤៣​ឆ្នាំ ដែល​​បាន​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម​​​​ទៅ​រក​នៅ​ក្នុ​ង​សហគមន៍​តង់ខៀវ បាន​​​ថ្លែង​ថា អ្នកស្រីនិង​ក្រុម​គ្រួសារ​ជួបការ​លំបាក​ខ្លាំង​នៅពេល​រស់​នៅ​ក្នុង​សហគមន៍​តង់​ខៀវ​ដំបូង។

អ្នកស្រី​ថ្លែង​ថា៖ “កាលពី​​ពួក​យើងមក​រស់នៅ​ទីនេះ​ដំបូង យើង​រស់​នៅក្នុង​ខ្ទមដែលយក​ឈើគងលើគ្នា ហើយ​​ប្រក់​​សំពត់​តង់​។ គាត់​ [អ្នកស្រី​ ផាន់ លក្ខិណា] ជួយ​សង់​ផ្ទះ​ឱ្យយើង”។

ក្រោយ​មកដើម្បី​ជួយ​ដល់កុមារ​ក្រីក្រ​នៅក្នុង​តំបន់នោះឱ្យ​ទទួលបានការសិក្សា​ចំណេះ​ទូទៅ ​​អង្គការ​របស់​អ្នកស្រី​បានបង្កើត​​សាលា​រៀន​មួយ​ឈ្មោះ​ថា សាលា​រៀន​ដើម​ស្វាយ នៅ​ឆ្នាំ​២០១៤ ដែល​ផ្តល់ការ​សិក្សា​ពីថ្នាក់​ទី១ ដល់ទី ៦។

សាលាដើមស្វាយបានផ្តល់ការសិក្សាដល់សិស្សចំនួន ៣១៩ នាក់​ក្នុង​ពេល​បើក​ដំណើការ​ពី​ឆ្នាំ​២០​១៤ ដល់២០១៩។ ជាអកុសល​ សាលា​ចំណេះ​ទូទៅ​មួយ​នេះ​បាន​បិទ​​នៅ​ឆ្នាំ​២០១៩ ដោយសារ​កង្វះខាត​មូលនិធិ។​

សម្រាប់ឆ្នាំ​សិក្សា​២០២១​នេះ អង្គការ​ម៉ាណាជីវិត​បាន​ផ្តល់​ការ​សិក្សា​ដល់សិស្ស​ចំនួន៦៥ ​នាក់​ តាម​រយៈការ​ផ្តល់​អាហារូបករណ៍​ដល់​ពួក​គេ​​ពី ៥០% ទៅ ១០០​% ឱ្យ​ទៅ​រៀននៅ​សាលា​ឯកជន​។ ចំពោះ​គ្រួសារ​ណា​ដែល​មាន​ការ​ខ្វះ​ខាត​ខ្លាំង អង្គការ​របស់​អ្នក​ស្រី​ក៏​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់ និង​អង្ករ​ផង​ដែរ។

អង្គការ​ក៏​ទទួលបាន​មូលនិធិ​​ពី​សប្បុរស​ជន​មួយ​ចំនួ​ន​ទៀត​ផង​ដែរ។ ​អ្នកស្រី​​​ លក្ខិណាបាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ​​បន្ថែមទៀត​ ដើម្បី​រក្សា​និរន្តរភាព​របស់អង្គការ​។ មានពេលខ្លះ អ្នកស្រី​​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែលជា​​ប្រាក់​​ចំណូល​របស់គ្រួសារ ដើម្បី​រក្សា​លំនឹង​របស់​អង្គការ​ក្នុងពេល​ខ្វះខាត​មូលនិធិ ជា​ពិសេស​ក្នុងពេល​កើត​មាន​ជំងឺកូវីដ​-១៩ ដែល​សប្បុរជន​និង​ព្រះ​វិហារ​ដែលជា​ម្ចាស់ជំនួយ​បានផ្អាកនិង​កាត់បន្ថយ​ជំនួយ។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា» របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និងសហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេលដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ–១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​អ្នកស្រី ផាន់ លក្ខិណា សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនSmart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុនFacebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!​

–ចប់–

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក ​គាំ ទីវា

ទូរស័ព្ទ៖​+855 10 202 271

អុីម៉ែល៖​[email protected]


ចែករំលែក៖