ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា, វិធានការទប់ស្កាត់ តាមរយៈការកំណត់នូវមុខសញ្ញាអ្នកជំងឺបានយ៉ាងត្រឹមត្រូវ ការជម្លៀសបានយ៉ាងទាន់ពេលវេលា និងការដាក់ឲ្យធ្វើចត្តាឡីស័កស្របតាមនិយាមសុខាភិបាល បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដ៏ល្អិតល្អន់ និងគួរឲ្យទុកចិត្តបានពីសំណាក់ក្រុមអ្នកជំនាញរបស់យើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការសម្រេចបាននូវភាពភាពជោគជ័យចេញពីយុទ្ធសាស្រ្តនេះ ក៏អាស្រ័យផងដែរ ទៅលើការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាពលរដ្ឋយើង។
លោកបន្តថា, ក្នុងន័យនេះ ខ្ញុំសូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ ដើម្បីឈានឆ្ពោះទៅការបិទបញ្ចប់នូវព្រឹត្តិការណ៏សហគមន៍នេះ បានយ៉ាងឆាប់នៅពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់នៅក្នុងដំណាក់កាលដ៏លំបាកនេះ។
រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ៕
ដោយ ៖ សិលា