ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Cato Networks បានរកឃើញកម្មវិធីបន្ថែមមុខងារ Chrome Extensions ចំនួន២៤ទៀតដែលមានផ្ទុកមេរោគ ដែលអាចឱ្យពួកជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬបើកគេហទំព័រដទៃទៀតដែលមានផ្ទុកមេរោគ ហើយក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានលម្អិតក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Etay Maor ដែលជាអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបានឱ្យដឹងថា កម្មវិធីបន្ថែមទាំងនេះអាចជាហានិភ័យសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនព្រោះជនអនាមិកអាចលួចយកឈ្មោះសម្គាល់គណនី លេខសម្ងាត់ ឬទិន្នន័យទាក់ទងនឹងហិរញ្ញវត្ថុសំខាន់ៗជាច្រើនទៀត។ លោកក៏បានបន្ថែមទៀតថា ទោះបីជាលោកពុំបានដឹងអំពីចំនួនភាគរយរបស់កម្មវិធីបន្ថែមមុខងារ Chrome Extensions ដែលមានផ្ទុកមេរោគនោះក្ដី ប៉ុន្តែលោកគិតថាចំនួននោះគឺវាមានច្រើនជាងកម្មវិធី Web browser ដទៃទៀតមានដូចជា Safari និង Firefox ដោយសារតែកម្មវិធី Chrome មានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេ។
សូមបញ្ជាក់ដែរថា កាលពីខែកុម្ភៈដើមឆ្នាំនេះក្រុមហ៊ុន Google ក៏បានលុបចោលកម្មវិធីបន្ថែមមុខងារចំនួនប្រមាណ ៥០០ ក្រោយពីក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានផ្ទុកមេរោគ។ កម្មវិធីទាំងនោះត្រូវបានអ្នកប្រើប្រាស់ទាញយកប្រមាណ ១.៧លានដង មុនពេលត្រូវបានលុបចោលនោះ។
ដើម្បីឱ្យការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នកប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មីដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលលោកអ្នកមិនត្រូវការជាចាំបាច់ ហើយជាពិសេសកម្មវិធីណាដែលលោកអ្នកមិនស្គាល់ប្រភពច្បាស់នោះ៕
ដោយ ៖ សិលា