ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា, អស់រយៈពេលជាងប្រាំខែ កន្លងផុតទៅយ៉ាងលឿនបំផុតនៃការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជារាស្រ្តដែលជាវារីវប្បករ និងចិញ្ចឹមសត្វ ជាប្រវត្តិសាស្រ្តមួយបានកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ដំណើរទស្សនកិច្ចដ៏ប្រពៃរបស់សម្តេចតេជោនាពេលនោះ ក្នុងគោលបំណងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ដោយប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។
លោកថ្លែងបន្តថា, វត្តមាន និងប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោនាឱកាសនោះ បានធ្វើឲ្យបងប្អូនវារីវប្បករ នៅទូទាំងប្រទេសជារួម និងដោយឡែកបងប្អូនវារីវប្បករនៅខេត្តព្រៃវែង បានត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ជាទីបំផុត និងជាពិសេសបានយកទៅអនុវត្តសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែមីនា លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរាយការណ៍ជូនលោក អំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មនៅទូទាំងខេត្តព្រៃវែងក្រោយថ្ងៃទី១៤ ខែកក្កដា ជ្រាបថា៖ គិតមកទល់បច្ចុប្បន្នមានវារីវប្បករ (ចិញ្ចឹមត្រីអណ្តែង) សរុបចំនួន ៩ ៣៥០ គ្រួសារ កើនឡើងចំនួន ១៣០ គ្រួសារ បើធៀបជាមួយឆ្នាំ២០១៩ ដែលក្នុងនោះមានស្រះចិញ្ចឹមត្រីចំនួន ៦ ៧០០ស្រះ និងអាងចិញ្ចឹម ត្រី (ធ្វើពីស៊ីម៉ង់ត៍ និងតង់កៅស៊ូ) មានចំនួន ២ ៤៦០អាង ស្មើ ២ ៤៦០គ្រួសារ និងវារីវប្បករ (ចិញ្ចឹមកង្កែប) ក្នុងតង់កៅស៊ូ មានចំនួន ២០០តង់ ស្មើ ១៩៣ គ្រួសារ។ របាយការណ៍ដដែលបានបន្តទៀតថា គិតជាបរិមាណផលចាប់ត្រីអណ្តែងរួមទាំង ស្រះ អាង និងតង់កៅស៊ូ បានចំនួនសរុប ១៩ ១០០តោន កើនឡើងចំនួន ៤ ១០០តោន បើធៀបជាមួយឆ្នាំ២០១៩ និងបរិមាណកង្កែបសាច់ចំនួន ១០០តោន។ គិតជាទឹកប្រាក់សរុបរបស់កសិករដែលទទួលបានពីការចិញ្ចឹមត្រីអណ្តែងមានតម្លៃចំនួន ១៣៣ ៧០០ ០០០ ០០០ លានរៀលប្រហែលជា ៣៣ ៤២៥ ០០០ ដុល្លារ និងកង្កែបចំនួន ១ ០០០ ០០០ ០០០លានរៀល ប្រហែលជា ២៥០ ០០០ដុល្លារ។
ប្រាកដណាស់ថា ដើម្បីរក្សាបាននូវនិរន្តរភាពផលិតកម្មវារីវប្បកម្មនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការបាននិងកំពុងជំរុញ និងលើកទឹកចិត្តបន្ថែមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប និងបងប្អូនប្រជាកសិករដែលមានធនធាន និងបទពិសោធន៍ គួរតែបន្តរក្សាសកម្មភាពអាជីវកម្មបង្កាត់ ភ្ញាស់ ដើម្បីផលិតពូជត្រីបានល្អសម្រាប់ធ្វើការផ្សព្វផ្សាយពូជ អភិរក្ស និងធ្វើអាជីវកម្មលក់ដូរជូនបងប្អូនវារីវប្បករនៅទូទាំងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ។ ជាក់ស្តែង ខេត្តមានកសិដ្ឋានផលិតកូនត្រីពូជចំនួន ៩ កន្លែង កសិដ្ឋានផលិតកូនកង្កែបពូជចំនួន ១៦ កន្លែង និងកន្លែងផ្សាំកូនត្រីពូជរបស់វារីវប្បករចំនួន ៣៥ កន្លែង។ ដើម្បីឆ្លើយតបតាមតម្រូវ ការកូនត្រីអណ្តែង និងកូនកង្កែបនៅលើទីផ្សារ កន្លងមកកសិដ្ឋានបានខិតខំផលិតកូនត្រីពូជ និងកូនកង្កែបពូជសរុបបានចំនួន ២៨ ៧៦២ ៣០០ក្បាល កើនឡើង ៩ ៨៧៦ ៨០០ក្បាល ធៀបឆ្នាំ២០១៩ ក្នុងនោះមានកូនកង្កែបចំនួន ៦០៤ ៣០០ក្បាល ហើយបើតាមការអះអាងរបស់លោកប្រធានមន្ទីរ ថាចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត ។ ទន្ទឹមនឹងលទ្ធផលដែលយើងទទួលបានខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់, ការកែលំអររបៀបរៀបរយទីតាំងប្រមូលទិញ និងទីផ្សារបោះដុំផលិតផលជលផលក្នុងស្រុក រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការត្រួតពិនិត្យមើលតុល្យភាពនៃផលិតផលជលផលក្នុងស្រុកនិងសេចក្តីត្រូវការ ហើយនិងកាតព្វកិច្ចបង់ពន្ធអាករជូនរដ្ឋាភិបាល របស់ក្រុមអាជីករដែលត្រូវបំពេញក្នុងការនាំចូលផលិតផលជលផល ។
ភ្ជាប់ជាមួយសមិទ្ធផលដែលបងប្អូនវារីវប្បករក្នុងខេត្តព្រៃវែងសម្រេចទទួលបានយ៉ាងល្អប្រសើរនេះ លោករដ្ឋមន្ត្រី ជាថ្មីម្តងទៀតក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការ:ដ៏ប្រពៃ ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានណែនាំ ចង្អុលបង្ហាញ និងលើកទឹកចិត្ត ថែមទាំងជួយ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ ០០០លានរៀល សម្រាប់គាំទ្រដល់ចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណគ្រួសារ ថែមទៀតផងដែរ។ សកម្មភាព និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីគតិ និងចក្ខុវិស័យវែងឆ្ងាយ ថាតើត្រូវធ្វើយ៉ាងណាដើម្បីរក្សាបាននូវសន្តិសុខស្បៀង ឱកាសការងារ រក្សាបាននូវនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ ធានាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មី ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ដោយឡែក ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករគ្រប់ជាន់ថ្នាក់បានប្តេជ្ញាថានឹងមើលថែរក្សា ការពារដើមឈើចងចាំដែលសម្តេចបានដាក់ឈ្មោះឲ្យ បានគង់វង្សល្អ ទុកជានិមិត្តរូបនៃការចាប់ផ្តើមសកម្មភាពចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបនៅទូទាំងប្រទេស និងជាពិសេសនៅខេត្តព្រៃវែង៕
ដោយ ៖ សិលា