ខេត្តស្វាយរៀង៖យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១វេលាម៉ោង៥:០០នាទី លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង រួមនឹងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់បានអញ្ជើញចូលរួមក្នុងពិធីទូងស្គរ និងវាយជួង និងពិធីចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលដឹកនាំរៀបចំដោយព្រះសច្ចកល្យាណោ យ៉ន សុខសាន្ត ព្រះវិន័យធរអនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះលោកលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានបញ្ជាក់ថា ចាប់ពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ គ្រប់វត្តអារាមនៅទូទាំងខេត្តស្វាយរៀង បានធ្វើឡើងយ៉ាងផុសផុល ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខ និងទូងស្គរផ្តល់ដំណឹងដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍»។
លោក បានរំពឹងថាវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈនាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រឹតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ផងដែរ៕ ដោយ៖ យឹម សុថាន