ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងយាមអ្នកធ្វើចត្តាឡីស័កនៅសណ្ឋាគារចិន ស្រាប់តែត្រូវសន្តិសុខម្នាក់ដែលស្រវឹងស្រាទាញអាយឌីគប់បែកក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅសណ្ឋាគារចិន ស៊ីម៉ាក្រូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានឱ្យដឹងថា នៅសណ្ឋាគារចិនយីហោ «ស៊ីម៉ាក្រូ» កំពុងជាប់ធ្វើចត្តាឡីស័កជនជាតិចិនជាច្រើនថ្ងៃមកហើយ ។ ក្នុងនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងបុរសជាសន្តិសុខឯកជន ដែលយាមនៅសណ្ឋាគារខាងលើ ដែលជាអ្នកយាមជនជាតិចិនធ្វើចត្តាឡីស័កស្ថិតនៅក្នុងសណ្ឋាគារនោះ ។
នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានឱ្យដឹងបន្តថា មុនពេលកើតហេតុ ភាគីសមត្ថកិច្ច និងភាគីខាងសន្តិសុខដែលយាមនៅកន្លែងចត្តាឡីស័កមានការផឹកស៊ីតិចតួចស្រវឹងរៀងៗខ្លួន ក៏បានទាស់ពាក្យសម្ដីគ្នា ហើយខាងសន្តិសុខក៏មានអាយឌី រីឯសមត្ថកិច្ចក៏មានអាយឌីដូចគ្នាដែរ។
ប្រភពដដែលបន្តថា ខណៈពេលឈ្លោះប្រកែកគ្នាចុះឡើងនោះ ខាងសន្តិសុខបានយកអាយឌីរបស់ខ្លួនគប់ទៅលើសមត្ថកិច្ចដែលជាជនរងគ្រោះ បណ្តាលឲ្យបែកក្បាលឈាមហូរស្រោចខ្លួន ហើយគ្រានោះជនរងគ្រោះជាសមត្ថកិច្ចនគរបាល ដែលត្រូវរបួសភ្លាមៗនៅមិនទាន់សន្លប់ទេ គឺបានទាក់ទងទៅកម្លាំងសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍ដោយមានសមត្ថកិច្ចមកជាច្រើននាក់ ដើម្បីឃាត់ខ្លួនបុរសសន្តិសុខ។ នៅពេលនោះដែរ សន្តិសុខជាជនបង្កមិនព្រមឱ្យសមត្ថកិច្ចឃាត់ខ្លួនទេ ដោយបានតដៃនឹងសមត្ថកិច្ច ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បោកត្រូវមួយខ្នោះដៃបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលភ្លាមៗនោះ ទាំងសមត្ថកិច្ច ទាំងសន្តិសុខ គឺសុទ្ធតែត្រូវរងរបួសធ្ងន់ដូចគ្នា ហើយហូរឈាមខ្លាំងពេក ក៏បានសន្លប់ទាំង២នាក់តែម្តង ។ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានហៅរថយន្តសាមុយមកជួយសង្គ្រោះភ្លាមៗផងដែរ ដោយបុរសជាសន្តិសុខដឹកយកទៅព្យាបាលនៅគ្លីនិករស្មី ចំណែកបុរសជានគរបាលប៉ុស្តិ៍ចោមចៅទី៣ ដឹកយកទៅគ្លីនិកឯកជនមួយផ្សេងទៀត។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការរឿងនេះតាមនីតិវិធីបន្ត ៕
ដោយ៖ សុខាសែនជ័យ