ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានបែបអប់រំ ៖ រឿងឆ្មាជា​បងប្អូនល្អនឹងខ្លា

ចែករំលែក៖

រឿងនិទាន​អប់រំ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ក្លាយជា​ក្មេង​ដែល​ពូកែ ។ រឿងនិទាន​មួយ​នេះ​មានឈ្មោះ​ថា «​ឆ្មា​ជា​បងបបងប្អូនល្អនឹងខ្លា​»​។

កាលពីដើម​ឡើយ​មាន​ឆ្មា​មួយ​ក្បាល​ជា​បងប្អូន​របស់​ខ្លា ប៉ុន្តែ​ឆ្មា​រស់នៅ​ក្នុង​ទីក្រុង រីឯ​ខ្លា​រស់នៅ​ក្នុង​ព្រៃ ។ លុះ​យូរ​ទៅ ឆ្មា​មិន​អាច​រស់នៅ​ក្នុង​ទីក្រុង​ទៀត​ទេ ដោយសារ​តែ​មនុស្ស​លែង​ត្រូវការ​ឆ្មា​មក​ចាប់​កណ្តុរ​ទៀត​ហើយ ដោយ​គេ​មាន​អង្គប់ ឬ​ថ្នាំ​សម្រាប់​ចាប់​កណ្តុរ ។ ដូចនេះ​ឆ្មា​ក៏​ទៅ​ព្រៃ​រក​ខ្លា ដោយ​និយាយ​រៀបរាប់​ប្រាប់​ខ្លា​ទាំងអស់។

ពេល​នោះ​ខ្លា​ក៏​អាណិត​ឆ្មា ក៏​ហៅ​ឆ្មា​ឲ្យ​រស់នៅ​ជាមួយ​ខ្លួន​។ នៅ​ពេល​នោះ​ឆ្មា​សប្បាយ​ចិត្ត​​ណាស់ ដោយ​មាន​ខ្លា​ដែល​ជា​បងប្អូន​ល្អ​បាន​ឃាត់​គេ​ឲ្យ​នៅ​ជាមួយ ។ ប៉ុន្តែ​យូរ​ទៅ​ឆ្មា​បែរជា​រស់នៅ​មិន​សុខ​ទៅ​វិញ ព្រោះ​គេ​មាន​អារម្មណ៍​ថា​មិន​ស៊ី​វិ​ល័យ​ដូច​ជាទី​ក្រុង ដោយ​មាន​អារម្មណ៍​ធុញ ហើយ​គ្មាន​អ្វី​ស៊ី​ដូច​ជា​ក្នុង​ទីក្រុង​សោះ ។

ជាង​នេះ​ទៅ​ទៀត ឆ្មា​មួយ​ក្បាល​នេះ​មាន​ចរិត​ក្រ​អើត​ក្រ​ទម​ណាស់ ដោយ​អាង​មាន​ខ្លា​ជា​​ខ្នងបង្អែក ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង​ដាក់​សត្វ​ដទៃ​ក្នុង​ព្រៃ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​ស្អប់​ឆ្មា​ខ្លាំង​ណាស់​។ ទីបំផុត​ឆ្មា​មួយ​នេះ​មិន​អាច​បន្ត​រស់នៅ​ក្នុង​ព្រៃ​ទៀត​ទេ វា​ក៏​រត់​ទៅ​ទីក្រុង​វិញ ។ ពេល​នោះ​សត្វ​ទាំងអស់​សប្បាយចិត្ត​ណាស់ រួម​ទាំង​ខ្លា​ដែល​ជា​បង​ប្អូន​វា​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​មិន​ពេញចិត្ត​នឹង​ចរិត​របស់​ឆ្មា​មួយ​ក្បាល​នេះ​ឡើយ ។

រឿង​នេះ​ចង់​អប់រំ​ទារក​ក្នុង​ផ្ទៃ​ថា ក្នុង​នាម​ជា​មនុស្ស​ម្នាក់​គួរតែ​ធ្វើ​ជា​បុគ្គល​ដែល​គេ​ពេញ​ចិត្ត មិន​គួរ​ធ្វើ​ចរិត​ឲ្យ​គេ​ស្អប់​ឡើយ ។ ជា​ពិសេស គួរតែ​ចេះ​ស្កប់ស្កល់ មិន​គួរ​លោភលន់​ខ្លាំង​ឡើយ​។ ម្យ៉ាងទៀត​ក៏​បាន​អប់រំ​កូន​ថា ត្រូវ​តែ​ចេះ​រាប់​មិត្ត​ឲ្យ​ច្រើន​ជាង​សត្រូវ ទើប​មាន​ផ្លូវ​ដើរ​នៅ​ថ្ងៃក្រោយ៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖