ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ២នាក់ រួម​នឹងថ្នាំញៀន​ជិត​ ៦គីឡូក្រាម​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បង្រ្កាប​និងឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​តាកែវ៖ ជនសង្ស័យ​ចំនួន​ ២នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់​ ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំងកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បេីក​ប្រតិបត្តិការ​ចុះបង្រ្កាប​និងឃាត់ខ្លួនជាក់ស្ដែង ដោយ​ម្នាក់​ឃាត់​ខ្លួន​បាន នៅ​ស្រុក​សំរោង ខេត្តតាកែវ និង​ម្នាក់ទៀត ឃាត់​ខ្លួន​បាន​នៅ​រាជធានីភ្នំពេញ​ និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លាជិត ៦គីឡូក្រាម។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ថ្លែងឲ្យដឹងនៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២១នេះថា​ កម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បាន​ចុះបង្ក្រាប​ករណីជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង ១០​និង​២០​នាទីយប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ភូមិ​ពេ​ជ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។

ជាក់ស្ដែង​ជាលទ្ធផល៖ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ឈ្មោះ ចែម គីម​ស្រ៊ុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​និងដកហូត​វត្ថុតាងរួមមាន៖​ ម្សៅក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀនចំនួន ១​កញ្ចប់ធំ ទម្ងន់ ២៥,៩១ ក្រាម;​ ទូរស័ព្ទ​ចំនួន ១​គ្រឿង ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ បន្តថា ក្រោយពី​ស្ដាប់​ចម្លើយ ជនសង្ស័យឈ្មោះ ចែម គីម​ស្រ៊ុន បាន​សារភាពថា ខ្លួន​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន ពី​នារី​ម្នាក់ នៅ​ម្ដុំ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បន្ទាប់​មកដោយបាន​ការអនុញ្ញាត​ពីព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តតាកែវ លោក ជីវ ចាន់​តារា ភ្លាមនោះ​ កម្លាំង​មាន​សមត្ថកិច្ច ក៏​ធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា រួម​ដោយ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង ទទួល​ផែន​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស បាន​ចុះ​ទៅឃាត់ខ្លួនជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហេង ច្រឹប ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​នឹង​ម្សៅ​ក្រាម ពណ៌​ស​ថ្លា (ICE) ចំនួន​០៥​កញ្ចប់ ទម្ងន់​ប្រហែល ៥០០ ក្រាម ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ PP-1IR-4377 ភ្នំពេញ។ រួចបន្តទៅ​ឆែកឆេរ​ផ្ទះជួលរបស់​ជនសង្ស័យ​ឈ្មោះ ហេង ច្រឹប នៅវេលា​ម៉ោង​១៥ និង​៤០​នាទី បាន​រកឃើញ ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ៥ ដុំ​ធំ ទម្ងន់​ប្រហែល ៥ គីឡូក្រាម ស្លាក​លេខ​រថយន្ត ចំនួន​០៦ ស្មើនឹង ៣ រថយន្ត ស្លាក​លេខ កោះកុង 2A-0435 , ភ្នំពេញ 2A-7793 , ភ្នំពេញ 2N-4163 នៅ​ចំពោះមុខ ជនសង្ស័យ បានទទួល​ស្គាល់​វត្ថុតាង ខាងលើ ពិតជា​របស់ខ្លួន​ប្រាកដ​មែន​។

ក្រោយប្រតិបត្តិការរួចកម្លាំង​ជំនាញ បានធ្វើ​តេស្ត​បឋមចំពោះមុខជនសង្ស័យ លទ្ធផល​តេស្ត​មាន​ចេញ​ពណ៌​ត្នោត​លឿងទុំ ដូច​មាន​ក្នុង​គីមី​ពិសោធន៍ ពិតប្រាកដ​មែន​។

បច្ចុប្បន្នជនសង្ស័យ​ទាំង​២នាក់​ រួម​នឹង​វត្ថុតាងត្រូវបានកម្លាំងការិយាល័យ​ជំនាញ​ នៃកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ដោយ​៖សហការី​


ចែករំលែក៖