ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែកវ៉ាក់សាំងស៊ីណូវ៉ាក់១,៥លានដូសនឹងមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា គឺជាវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាង សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។ ពិធីទទួល និងប្រគល់ នឹងធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុប១,៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១,០៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៨០៩នាក់។

តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណជា៧០ ម៉ឺនដូសទៀត (៣០ម៉ឺនដូស

សម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាង មុខនេះ។

 តាមរយៈវត្ថមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គេរំពឹងថា នឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ បន្ថែមមួយកម្រិតទៀត ហើយក៏រំពឹងថា នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ដោយ៖ សូរិយា


ចែករំលែក៖