បច្ចុប្បន្នថៃនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ ខ្ពស់ដដែល ដោយនៅថ្ងៃទី២៥ខែមីនា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩២ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៦៥ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ១៥ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ៥ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ៣ករណីនៅខេត្ត ណាខន ផាធំ (Nakhon Pathom), ១ករណីនៅខេត្ត ឆាឆឹងសាវ (Chachoengsao), ១ករណីនៅខេត្ត ផាធុម ថានី (Pathum Thani), ១ករណីនៅខេត្ត ស៊ូផាន់ បុរី (Suphan Buri) និង១ករណីទៀតនៅខេត្ត រ៉ាត់ឆាបុរី (Ratchaburi)។ ចំណែកឯ ៥ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។
កន្លងមកថៃបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង របស់ចិន និងអង់គ្លេស គឺSinovac និង AstraZeneca ហើយពេលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Anutin Charnvirankul បានប្រកាសថា ប្រទេសថៃបានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងមួយទៀតរបស់អាមេរិក គឺ Johnson & Johnson ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ចាក់តែមួយដូស»។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា លោក Anutin Charnverrankoll បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះថា រដ្ឋបាលចំណីអាហារនិងឱសថថៃ(FDA) បានអនុម័តឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson បន្ថែមលើវ៉ាក់សាំង AstraZeneca និង Sinovac Biotech ដែលត្រូវចែកចាយរួចហើយនៅក្នុងប្រទេស។
មកទល់ពេលនេះថៃមានករណីឆ្លងកូវីដ-១៩ ជាង ២៨,០០០ករណីនៅទូទាំងប្រទេសនិងស្លាប់៩២នាក់ ។ បច្ចុប្បន្នថៃចាប់ផ្តើមចាក់ជូនបុគ្គលិក ពេទ្យ អ្នកដែលងាយរងការឆ្លងកូវីដ-១៩ បំផុត ។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ ដោយប្រើវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក៕ដោយ៖ធីរីណា
រូបភាព៖Bưu điện Bangkok
រូបភាព៖AFP/TTXVN