ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារចូលទៅក្នុង facebook page របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា “សូមគោរពរាយការណ៍ តាមការសង្កេតរបស់ខ្ញុំ នៅផ្លូវបេតុង ច្រកចូលទៅវិហារ យេស៊ូ ក្នុងក្រុម៤៤ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានកន្លែងណេតមួយឈ្មោះថា ពិសិដ្ឋណេត និងទទួលបញ្ចាំ គឺមានការពពាក់ ពពូនក្មេងៗញៀនហ្គេម ដោយមិនមានការខ្លាចជំងឺ Covid-19 សោះឡេីយ សូមមេត្តាចុះណែនាំផងទាន។”
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍។
បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើ កម្លាំងសមត្ថកិច្ចបានសង្កេតឃើញថាមានមនុស្សចូលលេងហ្គេម Internet ជាច្រើននាក់ដែលគួរឱ្យមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩។ ក្រោយពីពិនិត្យឃើញយ៉ាងដូច្នេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបិទទីតាំងខាងលើជាបណ្តោះអាសន្ន តាមសំណូមពររបស់លោកចៅសង្កាត់តាខ្មៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕ដោយ៖ ឆ ដា