ភ្នំពេញ៖ នារីម្នាក់ដោយសារខឹងសង្សារស្រលាញ់គ្នាបីឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នាបានសម្រេចចិត្ត ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាចាស់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនារីដែលលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ បានឲ្យដឹងថា នាងមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ។
រូបនាងនិងសង្សារ គឺស្រលាញ់គ្នារយ:ពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ហើយមួយរយ:ក្រោយនេះ សង្សារនាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ដោយបន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វាជាភ័ស្តុតាង ។
ប្រភពដដែលបន្តទៀតថា ករណីនេះគឺនាងលោតទឹកសម្លាប់ខ្លួន តែម្នាក់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយពេលនាងលោតទឹក គឺនាងសន្លប់បាត់ស្មារតីទៅហើយ ពេលដឹងខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេ ក្បែរផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងនោះទៅហើយ ដោយនាងមិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាអ្នកជួយនាង ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោមនាំនាងត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ជ្រោយពេជ្រ