អតីតកីឡាករវាយតឺន្នីសលំដាប់លេខ៣ពិភពលោក Stan Wawrinkaបានទទួលការវះកាត់ដោយការរងរបួសប្រអប់ជើងខាងឆ្វេង និងបានដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតសំខាន់ៗជាច្រើននៅមុនព្រឹត្តិការណ៍ French Open ។
យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA ដែលដកស្រង់ចេញពីសារព័ត៌មាន AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ មីនានេះថា កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងខកខានព្រឹត្តិការណ៍នៅ Marbella, Monte Carlo និង Belgrade នៅខែមេសាខាងមុខ។
ទោះយ៉ាងណាក្តីកីឡាកររូបនេះសង្ឃឹមថា នឹងមានភាពប្រសើរឡើងទាន់ពេលវេលាសម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍ Roland Garros នៅថ្ងៃទី២៣ ខែឧសភាដែលជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Grand Slam លើកទី២ កាលពីឆ្នាំ២០១៥ ។
Wawrinka បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីមានបញ្ហាមួយចំនួននៅលើប្រអប់ជើងខាងឆ្វេងមួយរយៈខ្ញុំបានសម្រេចចិត្តចំណាយពេលព្យាបាលវា។ អ្វីៗគ្រប់យ៉ាងដំណើរការបានល្អ” ។
កីឡាកររូបនេះបន្តថា “ខ្ញុំនឹងនៅក្រៅទីលានប្រកួត២-៣សប្តាហ៍ ប៉ុន្តែមិនអាចរង់ចាំចាប់ផ្តើមអនុវត្តម្តងទៀតឆាប់ៗនេះទេ” ។ បច្ចុប្បន្ននេះ Wawrinka កំពុងឈរចំណាត់ថ្នាក់ទី២១នៅលើពិភពលោក បានធ្វើការវះកាត់ជង្គង់ខាងឆ្វេងចំនួន២លើកកាលពីខែសីហា ឆ្នាំ២០១៧ ៕ដោយ៖ ភារៈ