ព័ត៌មានទាន់ហេតុការណ៍៖

លីវ ជីលី ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាក្នុងវគ្គប្រកួតបឋម

ចែករំលែក៖

ប្រទេសថៃ៖ ក្លាយជាបរិបទថ្មីលើវិស័យកញ្ញាឯក ក្រោយពីកញ្ញាឯកកម្ពុជា កញ្ញា លីវ ជីលី មិនធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាខកចិត្តឡើយ ដោយនាងបានសាងភាពភ្ញាក់ផ្អើលជាថ្មីសម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតបឋមនៃឆាកប្រកួតអន្តរជាតិ Miss Grand International 2020។ នាងបានផ្លាស់ប្តូរការគិតរបស់ទស្សនិកជន និងពាក្យរិះគន់ថា អាចនឹងក្លាយជាបេក្ខនារីអមឆាកនោះហើយ។

   ដើម្បីផ្លាស់ប្តូរការគិតរបស់ទស្សនិកជន កញ្ញាឯកពីកម្ពុជារូបនេះបានបញ្ចេញសមត្ថភាពប្រកបដោយភាពជឿជាក់ និងលេចធ្លោមិនចាញ់បេក្ខនារីទាំង៦២ប្រទេសផ្សេងទៀតឡើយ។ នារាត្រីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១នេះគឺជាព្រឹត្តិការណ៍បង្ហាញសមត្ថភាពនៃការដើរបង្ហាញម៉ូដក្នុងឈុតរាត្រីសមោសរនិងឈុតប៊ីគីនី ។ ផ្តើមពីការស្លៀកសម្លៀកបំពាក់រាត្រីសមោសរនោះនាងជីលីបានបង្ហាញក្នុងឈុតរ៉ូបយ៉ាងស្រស់ស្អាតពណ៌ខ្លាញ់ក្តាម អមដោយការចនាម៉ូដយ៉ាងល្អប្រណីត។ ដំណើរល្វតល្វន់ តែស្វាហាប់បានបញ្ជាក់ពីភាពជឿជាក់ខ្លាំងសម្រាប់នាងលើឆាកអន្តរជាតិមួយនេះ។ ប៊ីគីនីគឺជាឈុតបន្ទាប់ដែលត្រូវបានបេក្ខនារីទាំងអស់បង្ហាញដងខ្លួនដ៏សិចស៊ី។ លីវ ជីលីបានបង្ហាញពីដំណើរដ៏ស្វាហាប់និងមានភាពទាក់ទាញ ប្រកបដោយការជឿជាក់ខ្លាំងដែលធ្វើឲ្យអ្នកទស្សនាលាន់មាត់ថានាងអាចធ្វើបានល្អ បើទោះបីជានាងបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមរយៈពេលខ្លីក៏ដោយ។ ភាពជឿជាក់នេះបានធ្វើឲ្យគេចាប់អារម្មណ៍ម្តងរួចហើយក្រោយពីនាងបានបង្ហាញដងខ្លួនដ៏ស្រឡូនប្រកបដោយដំណើរស្វាហាប់ក្នុងឈុតហែលទឹក ហើយនាងក៏ទទួលបានការបោះឆ្នោតក្នុងវគ្គនេះយ៉ាងគគ្រឹកគគ្រេងផងដែរ។  

  កាលពីរាត្រីថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២១ដែលជាកម្មវិធីប្រកួតឈុតតំណាងជាតិនាងក៏ទទួលបានការកោតសរសើរខ្លាំងលើឈុតស្រីឥន្ទ្រទេវី នាគីមហានាថ ហើយពេលនេះគឺជាពេលដែលនាងបន្តរង់ចាំការបោះឆ្នោតតាមរយៈការចុច Like  និង Share ក្នុងរូបថតលើគណនីហ្វេសប៊ុកផ្លូវការរបស់Miss Grand International ផងដែរ។ 

  គេចាំបានដែរថា ថ្មីៗនេះកញ្ញឯកពីកម្ពុជា លីវ ជីលី ទទួលបានការលើកទឹកចិត្តពីប្រជាជនកម្ពុជាច្រើនដោយបានទាំងការចូលរួមបោះឆ្នោតរហូតនាងទទួលបានឱកាសក្លាយជាបេក្ខនារីឆ្នើមក្នុងការប្រកួតវិញ្ញាសាឈុតហែលទឹក ហើយនាងក៏បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាស្រ្ដីខ្មែរដំបូងគេដែលអាចឡើងដល់កំពូលស្រីស្អាតទាំង២០រូបចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ខាងលើ ក្នុងកម្មវិធីមួយមានឈ្មោះថា “Queen With the Golden Grown” ៕  

ដោយ៖ វឌ្ឍនា


ចែករំលែក៖