អន្តរជាតិ៖ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន ៤គ្រាប់ ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលក្រុងសេអូលវាយតម្លៃថា ជាមីស៊ីលបាលីស្ទិកបាញ់ទៅក្នុងសមុទ្រជប៉ុន។ ស្រាប់តែនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ និងបង្ការការរីកសាយនៃសកម្មភាពយោធានៅក្នុងតំបន់។
ជាក់ស្ដែងប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov ក្រោយបញ្ចប់ទស្សនកិច្ចនៅទឹកដី បានបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូងបន្តទៀត។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រមុខការទូតរុស្ស៊ីនៅសេអ៊ូលនៅប៉ុន្មានឆ្នាំចុងក្រោយ។
ប្រធានបទកូរ៉េខាងជើង ក៏ត្រូវបានជជែកក្នុងជំនួបរវាងលោក lavrov និងសមភាគីកូរ៉េខាងត្បូង Chung Eui-yong។ ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ប្រមុខការទូតរុស្ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ ដែលជាតំបន់ជាប់ទឹកដីខ្លួន។
លោក Lavrov បានលើកឡើងបន្តទៀតថា៖«ខ្ញុំសូមបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីបូព៌ា ក៏ដូចជាឧបទ្វីបកូរ៉េ»។ លោក Lavrov បន្ថែមថា ចំពោះបញ្ហាព្រួយបារម្ភដូចជាសកម្មភាពយោធា និងការរត់ប្រណាំសព្វាវុធ គួរតែត្រូវបោះបង់ចោល ដើម្បីបង្ការកុំឱ្យមានជម្លោះ ឬការប៉ះទង្គិចណាមួយកើតឡើង។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ដោយដកស្រង់ការលើកឡើងបែបនេះរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរគ្រាប់នេះ ទំនងជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយខ្លី ដែលបានបាញ់ចេញពីខេត្ត South Hamgyong នៅម៉ោង ៧ព្រឹក។ មីស៊ីលទាំងពីរគ្រាប់ខាងលើ ហោះបានចម្ងាយ ៤៥០គីឡូម៉ែត្រ និងកម្ពស់ ៦០ម៉ែត្រ មុននឹងធ្លាក់ទៅក្នុងសមុទ្រជប៉ុន។
បេីតាមរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong ទាក់ទិននឹងការប៉ាញ់មីស៊ីលជាថ្មីបែបនេះ ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការគាំទ្រ និងជួយរក្សាសន្តិភាពឧបទ្វីបកូរ៉េពីសំណាក់រុស្ស៊ី។
សូមជម្រាបថា រុស្ស៊ី បានឯកភាពក្នុងការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង ដើម្បីចូលរួមចំណែកក្នុងដំណើរសន្តិភាពលើឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះ ប្រមុខការទូតកូរ៉េខាងត្បូង បានចាត់ទុកទំនាក់ទំនងក្រុងសេអូល និងក្រុងមូស្គូ ជាដៃគូរួមដំណើរសម្រាប់សន្តិភាព វិបុលភាព នៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ដែរថា ក្នុងទស្សនកិច្ចមកកូរ៉េខាងត្បូង ប្រមុខការទូតប្រទេសទាំងពីរ បានជជែកលើបញ្ហាជាច្រើនរួមមានការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការផ្តោះប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងបញ្ហាជាច្រើនទៀត។ ដោយឡែកក្នុងជំនួបប្រមុខការទូតទាំងពីរ កូរ៉េខាងត្បូង ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងផងដែរ៕ដោយ៖ស តារា
រូបភាព៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov ត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងត្បូង Chung Eui-yong
រូបថត៖ AFP