ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ នីសា ប្រកាសថ្ងៃត្រង់នេះថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ចែករំលែក៖

ភ្នំពេញ៖ លេចចេញសារអបអរសាទរជាច្រើនពីអ្នកគាំទ្របន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះនៅកម្ពុជា អ្នកនាង សុគន្ធ នីសា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានប្រកាសនៅថ្ងៃត្រង់ថ្ងៃទី២៦ ខែមីនានេះថា នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែនាងបន្តដាក់ខ្លួនឲ្យនៅឆ្ងាយដាច់ដោយឡែក១៤ថ្ងៃទៀតដើម្បីតាមដាន។នាងត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលក្នុងសណ្ឋាគារគ្រីតឌូកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។            ការប្រកាសនេះក៏ត្រូវបានគេដឹងដែរថាមានសិល្បករមួយចំនួន ពិសេសអ្នកបម្រើការនៅក្រុមហ៊ុនហង្សមាសមួយចំនួនបានជាសះស្បើយ និងផ្លាស់ប្តូរបន្ទប់សម្រាកដើម្បីរង់ចាំលទ្ធផលធ្វើតេស្តបន្ទាប់ដើម្បីឱ្យប្រាកដថាពួកគេពិតជាជាសះស្បើយពីជំងឺកូវីដ-១៩ប្រាកដមែន។ 

  នាងសុគន្ធ នីសាបានប្រកាសនៅលើបណ្តាញសង្គមថា «ថ្ងៃនេះខ្ញុំបានជាហើយ  គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ  តែក៏ត្រូវបន្តការ  ឃុំខ្លួនឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន១៤ថ្ងៃបន្ថែមទៀតដែរ  ខ្ញុំនឹង  គោរពតាមគោលការណ៍នេះ ដើម្បីសុវត្ថិភាពក្រុមគ្រួសារខ្ញុំ»។  ការប្រកាសរបស់នាងទទួលបានការចែករំលែក និងបញ្ចេញសារអបអរសាទរទៅកាន់នាងជាច្រើនផងដែរ។ ក្រៅពីតារាចម្រៀងរូបនេះ ក៏នៅមានសិល្បករមួយចំនួនទៀត ត្រូវបានគេបញ្ជាក់ថា បានរកឃើញលទ្ធផលតេស្តអវិជ្ជមានក្រោយពីសម្រាកព្យាបាលនៅទីនោះជាច្រើនថ្ងៃមានដូចកញ្ញា វី ឌីណែត អ្នកនាង ចាន់ កែវនិមលជាដើម។   សុគន្ធ នីសា ត្រូវបានរកឃើញមានវិជ្ជមានគជំងឺកូវីដ-១៩មួយថ្ងៃក្រោយលទ្ធផលតេស្តរបស់លោកណុប បាយ៉ារិទ្ធិកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនងផ្ទាល់ជាមួយគ្នារួមទាំងគ្រូភ្លេងប្រចាំផលិតកម្មហង្សមាសម្នាក់ផងដែរ។ 

  គេចាំបានដែរថា សុគន្ធ នីសា គឺជាតារាចម្រៀង និងជាបុគ្គលិកក្រុមហ៊ុនហង្សមាសដែលត្រូវបានរកឃើញវិជ្ជមានបន្ទាប់ពីអ្នកនាង ចាន់ កែវនិមល លោក ណុប បាយ៉ារិទ្ធិ  កញ្ញា វីឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song  អ្នកនិពន្ធលោក លី ស៊ីនហួន និងអ្នកនិពន្ធលោក ម៉ម មិថុនា លោក ថែល ថៃ  និងអ្នកនាង សួស វីហ្សានោះ។ ក្រៅពីតារាចម្រៀងនិងផលិតករនៅហង្សមាស ក៏មានសិល្បករជាច្រើនផ្សេងទៀតត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ផងដែរ ហើយម្សិលមិញនេះមានពិធីករ និងជាDJ ម្នាក់លោកឈាន ប៊ុនធឿន ហៅ Mc Boom  បានទទួលមរណភាពក្រោយពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតទាំងសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ-១៩វាយលុកនោះ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖