ខេត្តស្វាយរៀង៖ លោកជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល១៤ថ្ងៃនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានវិញត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ។
ការអំពាវនាវបែបនេះរបស់លោកជូ សុធី និងក្រុមការងារគណៈកម្មាធិការយុវជន ស.ស.យ.ក. ក្រុងស្វាយរៀងក្នុងការចុះអប់រំផ្សព្វផ្សាយស្តីពីការអនុវត្តវិធានការសុវត្ថិភាពបង្ការជំងឺកូវីដ-១៩ រួមទាំងបានធ្វេីការចែកម៉ាស់ បាញ់អាល់កុល និងចែកផ្ទាំងរូបភាពស្តីពីវិធានការអនាម័យដេីម្បីទប់ស្តាត់ជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានរបស់ពួកគាត់វិញនាព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងបានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល១៤ថ្ងៃហើយត្រឡប់ទៅគេហដ្ឋានវិញសូមបងប្អូនប្រជាពលរដ្ឋ រស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីថែទាំសុខភាពចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។ គោលបំណងធំបំផុតនោះគឺចង់ឃើញបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
លោកប្រធានបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ចំនួន៣លើករួចមកហើយ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ គឺដោយសារតែការមិនគោរពតាមវិធានការសុខាភិបាល ការមិនអនុវត្តចត្តាឡីស័កឱ្យបានត្រឹមត្រូវ ធ្វើឱ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស បំផុត។ ដូច្នេះហើយដេីម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាតសង្គម បេីមិនចាំបាច់គឺមិនត្រូវចេញពីផ្ទះនោះទេ៕ ដោយ៖យឹម សុថាន