ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះវីដេអូរបស់បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ​ ដែលបានចែកចាយជាបន្តបន្ទាប់លេីបណ្តាញសង្គមហ្វេសប៊ុក​ ដោយបាននិយាយថាសមត្ថកិច្ចបានធ្វេីការផាកពិន័យប្រជាពលរដ្ឋបេីកបរម៉ូតូតាមផ្លូវដែលមិនពាក់ម៉ាស់ចំនួន​២០មុឺនរៀល​ នេះគឺជាការចុះផ្សាយខុសពីការពិត​ទាំងស្រុង ដែលអាចធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ជាក់ស្តែងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ កាលពីវេលាម៉ោង​ ០៩:៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចមុខផ្សារអូរឬស្សី​ បានធ្វេីការផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូដោយមិនមានពាក់មួកសុវត្ថិភាព​ គឺមិនមានការផាកពិន័យ​ ដោយមិនពាក់ម៉ាស់ឡេី​យ​ ។

សមត្ថកិច្ចគ្រាន់តែធ្វេីការណែនាំ​ អប់រំគាត់ឲ្យបានយល់​ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ​ ដោយបានប្រាប់ប្រជាពលរដ្ឋទូទៅដែលធ្វេីដំណេីរតាមដងផ្លូវ​ ត្រូវតែពាក់ម៉ាស់ជាប្រចាំ​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី​ដ-១៩​ ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែស្រាវជ្រាវ​ និងស្វែងរកម្ចាស់វីដេអូនេះ​ ដេីម្បីចូលខ្លួនមកបំភ្លឺពីការផ្សាយខុសពីការពិតនេះ​ ៕

ដោយ ៖ សិលា


ចែករំលែក៖