ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន: រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ»

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា, «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។

លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងនៅថ្ងៃនេះផងដែរថា, ១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនទៅ។ នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។

លោកថ្លែងបន្តថា, ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីយើងអាចដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ។
សូមជម្រាបថា, នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ១៧៩នាក់ថែមទៀត និងជាសះស្បើយចំនួន ៥៨នាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

តួលេខថ្ងៃនេះ ឡើងខ្ពស់គួរអោយកាន់តែបារម្ភណាស់ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!
រកឃើញអ្នកឆ្លងថ្មី ១៧៩នាក់ទៀត និងជាសះស្បើយ ៥៨នាក់
– ករណីឆ្លងសហគមន៍ ១៧៨នាក់
– អ្នកដំណើរពីបរទេស ០១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ២១៤៧ នាក់
– អ្នកជាសះស្បើយ= ១១៣២ នាក់
– អ្នកកំពុងព្យាបាល= ១០០៥ នាក់
– អ្នកស្លាប់= ០៨ + 0១ នាក់ ៕

 

ដោយ, សុខ ខេមរា


ចែករំលែក៖