តាមការលើកឡើងពីសាក្សីនិងប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ានម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករប្រឆាំង រដ្ឋាភីបាល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០ នាក់នៅថ្ងៃទី ២៧ខែមីនានេះ ។ នេះជាថ្ងៃអាក្រក់បំផុតសម្រាប់បាតុករមីយ៉ាន់ម៉ា ចំពេលទិវាកងទ័ពមីយ៉ាន់ម៉ា។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កម្លាំងទាហានមីយ៉ាន់ម៉ា បានបាញ់ប្រហារ ទៅលើបាតុករនៅថ្ងៃទី ២៧ខែមីនាបណ្តាលឲ្យបាតុករ៥០នាក់ស្លាប់ និងរងរបួសជាច្រើន។ នេះជាថ្ងៃបង្ហូរឈាមច្រើនបំផុតនៅក្នុងប្រទេសនេះ ។ ពលរដ្ឋមីយ៉ាន់ម៉ានៅតែ បន្តធ្វើបាតុកម្មនៅទីក្រុង Yangon, Mandalay និងតំបន់ជាច្រើន មិនខ្វល់ពីការព្រមានបាញ់ប្រហារពី ទាហាន។
លោកSana អ្នកនាំពាក្យ ក្រុម CRPH ដែលជាក្រុមប្រឆាំង យោធាបានបង្កើតឡើងដោយបណ្តាតំណាងរាស្ត្រ បានលើកឡើងថា «នៅថ្ងៃទី២៧ ខែមីនា គឺជាថ្ងៃដែលអាម៉ាស់បំផុតសម្រាប់យោធា ដែលបាញសមា្លប់ពលរដ្ឋខ្លួន»។
ចំណែកសារព័ត៌មាន Myanmar Now បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ និង១០នាក់រងរបួសនៅថ្ងៃទី២៧ខែមីនានៅទីក្រុង Yangon ។ ក្រៅពីនេះ នៅទីក្រុង Mandalay ក៏មានមនុស្ស ១៣នាក់ស្លាប់ ។ ក្រៅពីនេះនៅមានតំបន់ជាច្រើនទៀតក៏មានអ្នកស្លាប់ជាច្រើនសរុប ដល់ទៅ៥០នាក់។
ចំណែកមន្ត្រីយោធា មីយ៉ាន់ម៉ា មិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយទេ ។ នៅក្នុងទិវាកងទ័ពមីយ៉ាន់ម៉ា អគ្គមេបញ្ជាការ កងទ័ពប្រទេសនេះ បានឲ្យដឹងថានឹងរៀបចំការបោះឆ្នោត ហើយផ្តល់អំណាចដល់រដ្ឋាភិបាលស៊ីវិលវិញ ៕