ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា, «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។
គ្រាន់តែតែសម្តេចមានប្រសាសន៍បែបនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគប្រាក់ចំនួន៣,៥លានដុល្លារ តាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីដ-១៩ នៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហោះលើ facebookថា, 🙏🙏ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីដ19 ចំនួន 3.5 លានប្រាំសែនដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។
ជាមោទនភាពណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចូលរួមជាមួយរាជរដ្ឋាភិបាលដ៏ច្រើន នូវចិត្តសប្បុរសប្រកបដោយកុសល ខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រី «នគរទេព» ដើម្បីរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩៕
ដោយ ៖ សុខ ខេមរា