ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងបាវិតផ្អាកអាជីវកម្មនិងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំក្រុមការងារចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩(COVID-19)។
ការចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិីនាឆ្នាំ២០២១។
លោកវណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានឱ្យដឹងថា ដោយបានការណែនាំពីរដ្ឋបាលខេត្តស្វាយរៀង ក្រុមការងារបានចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងមាន
ទី១-មន្ទីរសម្រាកព្យាបាលកម្ពុជា-ចិន និងទី២-ហាងកាត់សក់៧៩ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩(COVID-19)។
សូមបញ្ជាក់ថា លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តបានប្រាប់បណ្តាញព័ត៌មាននៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា សម្រាប់ជនជាតិចិនទាំង៣នាក់ ដែលរដ្ឋបាលខេត្តប្រកាសជូនដំណឹងនេះ គឺ២នាក់កំពុងសម្រាក ព្យាបាលនៅរាជធានីភ្នំពេញ (ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមីនា ក្រោយរកឃើញវិជ្ជមាននៅភ្នំពេញ) និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅខេត្តស្វាយរៀង។
បើតាមលោក តូច ប៉ូលីវ៉ា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្រាប់ខេត្តស្វាយរៀង មានឆ្លងកូវីដ-១៩ចំនួន៥នាក់ ក្នុងនោះមានស្រ្តីជនជាតិវៀតណាម២នាក់បានជាសះស្បើយរួចហើយ និងបុរសជនជាតិចិនទាំង៣នាក់នេះ (២នាក់កំពុងសម្រាកព្យាបាលនៅភ្នំពេញ និងម្នាក់កំពុងសម្រាកព្យាបាលនៅខេត្តស្វាយរៀង)៕

ដោយ៖យឹម សុថាន


ចែករំលែក៖