ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារអត្តឃាតនៅព្រះវិហារ គ្រឹស្ត ស្លាប់និងរបួស១៥នាក់

ចែករំលែក៖

នៅថ្ងៃទី២៨ ខែមីនា មានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅមុខព្រះវិហារគ្រឹស្តក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូណេស៊ី។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស១៤នាក់រងរបួស និងម្នាក់ស្លាប់ ។
អ្នកនាំពាក្យកម្លាំងប៉ូលិសលោក Argo Yuwono បានឲ្យដឹងថា ជនវាយប្រហារគ្រាប់បែកអត្តឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខព្រះវិហារ Makassar ។ ជនវាយប្រហារទាំងពីរនាក់ជិះម៉ូតូ មួយគ្រឿង ហើយបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅខ្លោងទ្វារចូលព្រះវិហារ។
ប៉ូលិសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើកើតឡើងនៅវេលាមោង១០និង៣០នាទីព្រឹកមិញនេះ (ពេលវេលានៅឥណ្ឌូណេស៊ី) នៅឯខាងក្រៅវិហារគ្រឹស្ដមួយដែលកំពុងប្រារព្ធពិធីបុណ្យ Easter ដោយបណ្ដាលឱ្យមនុស្ស១៤នាក់រងរបួស។
មនុស្ស២នាក់ត្រូវបានរាយការណ៍ថាបានជិះម៉ូតូមួយគ្រឿងព្យាយាមសម្រុកចូលក្នុងបរិវេណវិហារគ្រឹស្ដខាងលើ តែត្រូវបានបុគ្គលិកសន្តិសុខរារាំង។ បំណែកសាកសពមនុស្ស ក៏ត្រូវបានគេប្រទះឃើញផងដែរ ប៉ុន្តែនៅតែមិនទាន់មានការទទួលស្គាល់ថាជាបំណែកសពជនបំផ្ទុះគ្រាប់បែក ឬក៏នរណាម្នាក់ឡើយ។ មកទល់នឹងពេលនេះ ប៉ូលិសឥណ្ឌូណេស៊ី មិនទាន់អាចកំណត់ពីចេតនា ឬអ្នកនៅក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕ដោយ៖ ធីរីណា

រូបភាព៖ Reuters


ចែករំលែក៖