ក្រុមខ្លាំងៗមួយចំនួនបានបន្តយកឈ្នះគូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនក្នុងការប្រកួតជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុបក្នុង២ប្រកួតកន្លងមកកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រ។
ក្រុមតោកំណាចអង់គ្លេសបន្តយកឈ្នះគូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនដោយឈ្នះក្រុមម្ចាស់ផ្ទះអាល់បានីក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Kane និងកីឡាករ Mount។ ក្រុមអតីតម្ចាស់ជើងឯកមាន់គកបារាំងបានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះកាហ្សាក់ស្ថានក្នុងលទ្ធផល២ទល់០ដែរ ដោយ២គ្រាប់រកបានដោយខ្សែប្រយុទ្ធ Dembeleនិង១គ្រាប់ទៀតគឺជាការស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Maliy ។
ចំណែកក្រុមភ្ញៀវស៊ុយអែតបានយកឈ្នះក្រុមកូសាវ៉ូក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់នេះរកបានដោយកីឡាករ Augustinsson កីឡាករ Isakនិងកីឡាករ Larsson ក្នុងការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមម្ចាស់ផ្ទះប៊ុលហ្គារីក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់នេះរកបានដោយកីឡាករ Belotti ដោយបាល់ពិន័យ១១ម៉ែត្រ និងគ្រាប់ទី២រកបានដោយកីឡាករ Locatelli ។ ជាមួយគ្នានេះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ក៏បានបន្តយកឈ្នះក្រុមរ៉ូម៉ានីផងដែរ ដោយលទ្ធផល១ទល់០ ដែល១គ្រាប់ជ័យជម្នះនេះរកបានដោយកីឡាករ Gnabry នៅនាទីទី១៦។
ដោយក្រៅពីក្រុមខ្លាំងៗដែលបន្តយកឈ្នះគូប្រកួតក្រៅទឹកដីរបស់ខ្លួនក៏មានក្រុមម្ចាស់មួយចំនួនដែរដែលបានយកឈ្នះគូប្រកួត ដូចជាក្រុមជម្រើសជាតិដាណឺម៉ាកបានបំបាក់ក្រុមម៉ុលដូវ៉ាមិនឲ្យតដៃក្នុងលទ្ធផល៨ទល់០, ក្រុមស្វ៊ីសយកឈ្នះក្រុមភ្ញៀវលីតូនី១ទល់០, ក្រុមប៉ូឡូញយកឈ្នះក្រុមអង់ដូរ៉ាស់៣ទល់០, ក្រុមអូទ្រីសយកឈ្នះក្រុមហ្វកអ៊ីស្ល៊ែន៣ទល់១ និងក្រុមម៉ាសេដូនៀខាងជើងបានយកឈ្នះក្រុមLiechtensteinក្នុងលទ្ធផល៥ទល់០ផងដែរ ៕ដោយ៖ភារៈ