ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោក ព្យាករ​ថា៖ ក្នុង​​ឆ្នាំ២០២១ សេដ្ឋកិច្ចនៅកម្ពុជា នឹងមាន​អត្រាកំណើន​ប្រមាណ ៤ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ បើ​យោងតាម​របាយការណ៍ បច្ចុប្បន្នភាព សេដ្ឋកិច្ច ចុងក្រោយ សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ ពិភព ចេញផ្សាយ​ចុងខែ​មីនា​នេះ​ថា​ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ឡើងវិញ ក្នុង​រង្វង់ ៤ ភាគរយ ក្នុង​ឆ្នាំ​២០២១ នេះ ហើយនឹង​បន្ត​រីកលូតលាស់​បាន ប្រមាណ ៥,២ ភាគរយ ក្នុង​ឆ្នាំ​២០២២។

​តាមការលើកឡើងរបស់ធនាគារពិភពលោក បានបញ្ជាក់ថា កម្ពុជា គឺជា​ប្រទេសមួយ ស្ថិត​នៅចំណោម បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ី​បូព៌ា និងប៉ាស៊ីហ្វិក ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើនឡើងវិញ នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។​

​ជាក់ស្តែងរបាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ចុងក្រោយ របស់​ធនាគារ​ពិភព បានចេញផ្សាយ​នាពេលថ្មីៗ​នេះថា៖ ទូទាំង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក សន្ទុះ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច នៅតែមាន​ភាពខុសគ្នា​ខ្លាំង​នៅឡើយ ជាង​មួយឆ្នាំ ក្រោយពី​មានការ​រាតត្បាត​នៃជំងឺ​កូ​វីដ-​១៩​។

​ទាក់ទិននឹងបញ្ហានេះដែរ​ អនុប្រធាន​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោកស្រី វិក​តូ​រី​យ៉ា ក្វា​ក្វា បានលើកឡើងថា៖ វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី ការ​រាតត្បាត​វីរុស​កូ​វីដ ១៩ នេះ បាន​បង្អាក់​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​បង្កើន​វិសមភាព​វិញ​។ ក្នុង​គ្រា​ដែល​ប្រទេស​នានា ចាប់ផ្តើម​ងើបឡើង​វិញ នៅ​ឆ្នាំ​២០២១នេះ គេ​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ ប្រជាជន ងាយ​រងគ្រោះ និង​ធានាឱ្យមាន​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​ដែលមាន​បរិ​យា​ប័ន្ន​, មាន​ភាព​បៃតង និង​ភាព​ធន់​។​

​ដោយឡែកអ្នកសេដ្ឋវិទូ​ជាន់ខ្ពស់ នៃ​ធនាគារពិភពលោក សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក អា​ឌី​ត្យា ម៉ា​ទូ ក៏បានលើកឡើង​ដែរថា៖ ជាង​ពេលណាៗ​ទាំងអស់ យើង​ត្រូវការ​កិច្ច​សហ ប្រតិបត្តិការ អន្តរជាតិ ដើម្បី​ទប់ទល់​ជំងឺ​នេះ គាំទ្រ​សេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដោយ​ភាព​បៃតង​។

គួរបញ្ជាក់ថា ប្រទេស​ចិន អាច​ដើរតួនាទី​នេះ យ៉ាងសំខាន់ ដោយ​នាំចេញ​ផលិតផល វេជ្ជសាស្ត្រ​បន្ថែមទៀត បង្កើន​ការប្រើប្រាស់​របស់ខ្លួន និង​ចាត់វិធានការ អាកាសធាតុឲ្យ​កាន់តែ​ខ្លាំងក្លា​។

លើសពីនេះ ប្រទេស​ចិន ក៏​នឹង​បាន​អត្ថប្រយោជន៍ ពី​ពិភពលោក​មួយ ដែល​កាន់​តែមាន​សុវត្ថិភាព និង​កំណើន​ប្រកបដោយ​តុល្យភាព ផងដែរ​៕ដោយ៖សហការី​

រូបភាព​៖ឯកសារ​ អគារ​ខ្ពស់ៗ​នៅកម្ពុជា​


ចែករំលែក៖