ព័ត៌មានទាន់ហេតុការណ៍៖

នាវាដឹកកុងតឺន័រធុនធំ Ever Given រំដោះបានជោគជ័យ ងាកមកត្រង់ផ្លូវវិញហើយ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៩ខែមីនា ក្រុមជួយសង្គ្រោះរបស់ប្រទេសហុល្លង់បានជួយរំដោះដោយជោគជ័យ នាវាយក្សដឹកកុងតឺន័រ Ever Given ដែលបានជាប់កឿងទទឹងព្រែកជីក Suez អស់រយៈពេល៤ថ្ងៃកន្លងមក ហើយធ្វើឲ្យរាំងស្ទះដល់ការធ្វើចរាចរណ៍របស់នាវាផ្សេងៗទៀតទាំងស្រុង។
ក្រុមជួយសង្គ្រោះបានប្រើប្រាស់ នាវាសណ្តោងចំនួន ១៤គ្រឿង ដើម្បីទាញនាវាខាងលើមកបណ្តោយព្រែកវិញ បើកផ្លូវចរាចរណ៍ដល់នាវាដឹកទំនិញផ្សេង ៗឆ្លងកាត់។ ប៉ុន្មានម៉ោងមុនពេលរំដោះដោយជោគជ័យ ប្រទេសអេហ្ស៊ីប បានឡើងគម្រោងស្ទុចកុងតឺន័រចេញពីនាវាដែលជាសកម្មភាពលំបាកបំផុត។
នៅពេលនេះមន្ត្រីក្នុងតំបន់ បានឱ្យដឹងថា ពេលវេលាប្រកាសឲ្យដំណើរការចរាចរណ៍ឡើងវិញមិនទាន់បានធ្វើនៅឡើយទេ ។ នាវាដឹកទំនិញរាប់រយគ្រឿង កំពុងរង់ចាំឆ្លងកាត់ព្រែកជីកនេះ។ ជាមួយគ្នានេះក្រុមជំនាញក៏បានប្រកាសថា អាចនិងមានការកកស្ទះពេលបើកចរាចរណ៍ឡើងវិញ។
កាលពីថ្ងៃទី ២៣ខែមីនា នាវា Ever Given មានចំណុះ២២០ពាន់តោន មានប្រវែងដល់ទៅ ៤០០ម៉ែត្រ ស្រាប់តែជាប់កឿង ទទឹងព្រែកជីក Suez ដែលជាច្រកផ្លូវចេញពីសមុទ្រក្រហមទៅកាន់ ដែនសមុទ្រមេឌីទែរ៉ាណេ។ ការជាប់គាំងខាងលើ បានធ្វើឲ្យវិស័យពាណិជ្ជកម្មពិភពលោកបានខាតបង់ ទឹកប្រាក់ពី៦-១០ពាន់លានដុល្លារ៕ដោយ៖ ធីរីណា

រូបភាព៖ Maxar


ចែករំលែក៖