ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនបញ្ជល់មាន់ ល្បែងអាប៉ោង បៀនៅស្រុកចិត្របុរីត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ វង់ល្បែងសុីសងមានទាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង បៀដុះស្លែក្នុងស្រុកចិត្របុរីមួយកន្លែងដែលបើកលេងរាល់ថ្ងៃនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តក្រចេះធ្វើការបង្ក្រាបហើយ។ 

   ការបង្ក្រាបវង់ល្បែងសុីសងដុះស្លែមួយនេះសមត្ថកិច្ចបានចុះអនុវត្តកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ។

  ទីតាំងសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទនោះហាក់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលហាមមិនឱ្យមានការជួបជុំនោះឡើយគឺបែរជាមានការប្រមូលផ្ដុំគ្នានាំឱ្យបង្កការរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងតែវាយលុកនៅក្នុងសហគមន៍យ៉ាងក្តៅគគុកនាពេលបច្ចុប្បន្ននេះទៅវិញ ។

   ប្រភពបង្ហើបថា ម្ចាស់សង្វៀនបញ្ជល់មាន់មួយកន្លែងនេាះបើកលេងជាប្រចាំដោយចាក់ភ្នាល់ដាក់លុយធំៗទៀតផង មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមូលដ្ឋានណាមួយធ្វើការបង្ក្រាបនោះទេ  ទើបតែនៅរសៀលថ្ងៃនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តក្រចេះបង្ខំចិត្តធ្វើការឆ្មក់ទៅបង្ក្រាបតែម្តងក្នុងអំឡុងពេលមានការណែនាំដ៏តឹងរឹងពីវិធានការទប់ស្កាត់កូវីដ-១៩។ ប៉ុន្តែពេលចុះទៅបង្ក្រាបនោះមានអ្នកផ្តល់ដំណឹងដល់ក្រុមអ្នកលេងល្បែងទាំងនោះឱ្យដឹងមុនអស់ហើយមុនកម្លាំងចុះទៅដល់ដោយបន្សល់ទុកតេវត្ថុតាងដូចជា មាន់ជល់ចំនួន៣ក្បាល , កន្ត្រកដាក់មាន់ចំនួន៣, អង្រុតចំនួន៤ ,ហាន់តោចំនួន១ , ចានបាញ់អាប៉ោង១, ជញ្ជីងចំនួន១,កញ្ចក់បាំងមាន់១។

វត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់វិធានការបន្ត៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖