ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហេង សំរិនសូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ៖ វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត៕

ដោយ៖ សូរិយា


ចែករំលែក៖