ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសអង់គ្លេសបានស្នើអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ស្តីពីស្ថានភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានក្រុមបាតុករជាច្រើនត្រូវទាហានបាញ់សម្លាប់ និងមានពលរដ្ឋជាច្រើនភៀសខ្លួនទៅកាន់ប្រទេសជិតខាងមានឥណ្ឌា ថៃនិងចិនជាដើម។
លោក Christine Schraner Burgener ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ប្រទេសនឹងជួបប្រជុំគ្នាជាសម្ងាត់នៅថ្ងៃទី៣១ខែមីនា ។ នៅពេលនេះគេមិនទាន់ដឹងថា តើអង្គការសហប្រជាជាតិនឹងចេញសេចក្តីប្រកាសរួមស្តីពីមីយ៉ាន់ម៉ាដែរឬទេ ដោយក្នុងនោះមានចិននិងរុស្ស៊ីត្រូវតែឯកភាពទើបចេញសេចក្តីប្រកាសបាន។
កាលពីថ្ងៃទី ១០ ខែមីនា អង្គការសហប្រជាជាតិក៏បានចេញសេចក្តីប្រកាសរួមថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានប្រើប្រាស់ហិង្សាទៅលើបាតុករ ក្នុងនោះមានស្ត្រីនិងកុមារ។
នៅក្នុងអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុតគឺនៅទិវាកងទ័ពប្រទេសនេះ ដោយមានបាតុករដល់ទៅ ១០៧នាក់ស្លាប់ ក្នុងនោះមានកុមារ៧នាក់ នាថ្ងៃទី២៧ខែមីនា។
នៅថ្ងៃទី ២៩ខែមីនា(ពេលវេលាអាមេរិក) រដ្ឋាភិបាលបានសម្រេចផ្អាករាល់សកម្មភាពពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ារហូតដល់មានរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានប្រកាសផ្អាករាល់សកម្មភាពពាណិជ្ជកម្ម វិនិយោគដែលបានព្រមព្រៀងនៅឆ្នាំ២០១៣។
មកទល់ពេលនេះមានបាតុករជាង ៤៥០នាក់ស្លាប់ដោយការប្រើអំពើហិង្សាពីកម្លាំងយោធាចាប់តាំងពីបាតុកម្មផ្ទុះឡើងក្រោយរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ៕ដោយ៖ ធីរីណា

រូបភាព៖ NID


ចែករំលែក៖