អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស៥នាក់រងរបួស និងប្រមាណ៩៥០នាក់ទៀតដែលរស់នៅក្បែររោងចក្រចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានជម្លៀសចេញ ភ្លាមៗ ខណៈអគ្គិសនីបានឆាបឆេះរោងចក្រមួយនេះ។
បេីតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ី បានរាយការណ៍ថា៖ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅ រោងចក្រ Balongan តាំងពីយប់ថ្ងែទី២៨ ខែមីនា ហើយបន្តឆេះនៅថ្ងៃទី២៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនប្រេងឥណ្ឌូនេស៊ី Pertamina នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា ខ្លួនបានបិទរោងចក្រចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច ដើម្បីគ្រប់គ្រងអគ្គិភ័យដ៏ធំមួយដែលធ្វើឲ្យមនុស្សមួយចំនួនតូចរងរបួសផងដែរ។
ក្រុមហ៊ុនប្រេង Pertamina បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា ភ្លើងបានឆាបឆេះ អំឡុងពេលមាន អាកាសធាតុមិនសូវល្អ។ បន្ថែមពីនេះ ក្រុមហ៊ុន បានសង្កត់ធ្ងន់ថា៖«មូលហេតុបណ្តាលឱ្យមានអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅខណៈពេលមានឧប្បត្តិហេតុ មានភ្លៀងធ្លាក់ខ្លាំងនិងរន្ទះ»។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រេង Pertamina លោក Ifki Sukarya ក៏បានអះអាងដែរថា មនុស្ស ៥ នាក់រងរបួសដោយសារការរលាកភ្លើង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមិនមានបុគ្គលិករបស់ក្រុមហ៊ុន Pertamina ណាម្នាក់ត្រូវ រងរបួសធ្ងន់ធ្ងរនោះឡើយ។ ខណៈដែលភ្លើងឆេះយ៉ាងខ្លាំង នៅត្រង់កន្លែងស្តុកប្រេងរបស់រោងចក្រ ប៉ុន្តែមិនប៉ះពាល់ដល់ផ្នែកកែច្នៃឡើយ។
ដោយឡែកលោក Erdi Chaniago អ្នកនាំពាក្យរបស់មន្រ្តីប៉ូលិសនៃកោះជ្វាខាងលិច បានអះអាងថា ប៉ូលិស នឹងចូលរួមនៅក្នុងការស៊ើបអង្កេតចំពោះមូលហេតុនៃអគ្គិភ័យនេះ តែត្រូវរង់ចាំរហូតភ្លើងរលត់អស់ជាមុនសិន។
ចំណែកពាក់ព័ន្ធនឹងការខូចខាតខាងលេីនេះ ក្រុមហ៊ុនត្រូវជួសជុលរោងចក្រឡើងវិញ និងអាចចំណាយពេលរាប់ខែដែល ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះដែរ លោក Mamit Setiawan នាយកប្រតិបត្តិ នៃក្រុមអ្នកឃ្លាំមើល ថាមពលរបស់ឥណ្ឌូនេស៊ី សង្ឃឹមថា រោងចក្រចម្រាញ់ប្រេងរបស់ Pertamina មួយផ្សេងទៀតនៅភាគកណ្តាលនៃកោះជ្វា អាចជួយបំពេញកង្វះខាតការផ្គត់ផ្គង់ប្រេងឲ្យបានឆាប់រហ័សជំនួសរោងចក្រ Balongan។
គួរបញ្ជាក់ថា រោងចក្រ Balongan ជារោងចក្រចម្រាញ់ប្រេងធំជាងគេមួយរបស់ Pertamina ដែលធ្វើការកែច្នៃប្រេងឆៅបូមមកពីអណ្ដូងរ៉ែនៅ Duri និង Minas ក្នុងខេត្ត Riau របស់ឥណ្ឌូនេស៊ី។ រោងចក្រនេះដំណើរការចម្រាញ់ប្រេងដើម្បីផ្គត់ផ្គង់ដល់រដ្ឋធានីហ្សាកាតា និងទៅតំបន់ភាគខាងលិច នៃកោះជ្វា៕
ដោយ៖ស តារា
រូបភាព៖ រោងចក្រចម្រាញ់ប្រេង Balongan នៅប្រទេសឥណ្ឌូនេស៊ី
រូបថត៖Kompas