ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិនិងភរិយាបានជួយឧបត្ថម្ភថវិកាចំនួន៥,០០០,០០០៛ ដល់មន្ត្រីនគរបាលជាតិខេត្តត្បូងឃ្មុំដែលផ្ទុកមេរោគកូវីដ-១៩និងកំពុងសម្រាកព្យាបាលជំងឺ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃចន្ទទី២៩ ខែមីនា ឆ្នាំ២០២១  លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រីជាភរិយាបានឧបត្ថម្ភនូវថវិកាចំនួន ៥,០០០,០០០៛(ប្រាំលានរៀល) ជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់ជួយមន្ត្រីនគរបាលជាតិចំនួន៥នាក់ ដែលផ្ទុកមេរោគកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ថវិកានេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យ គំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជាយើងនាពេលបច្ចុប្បន្ន ។

   ជាមួយនឹងអំណោយដ៏ថ្លៃថ្លានេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងថា លោក មានចិត្តរំភើប រីករាយខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោមជានិច្ចកាល ។

  លោកឧត្តមសេនីយ៍បានបន្តថា ពិតជាចាំបាច់ណាស់រាល់អំណោយសប្បុរសជន ជាពិសេសអំណោយរបស់ថ្នាក់ដឹកនាំដល់ អង្គភាពយើងខ្ញុំដែលជាសេនាធិការផ្ទាល់ជូនគណ:បញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត នៅក្នុងស្ថានភាពដែលយើងខ្ញុំកំពុងតែត្រូវការក្នុងការប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩  នាពេលបច្ចុប្បន្ន ។ 

  ជាមួយគ្នានេះ មន្ត្រីនគរបាលជាតិទាំង ៥នាក់ ដែលមានផ្ទុកមេរោគកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងលោកស្រី ព្រមទាំងបុត្រី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមប្រកបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឱ្យជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ៕

ដោយ៖វណ្ណៈ


ចែករំលែក៖