ខេត្តស្ទឹងត្រែង៖ ប្រភពពីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងថា, មន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានសម្រេចជ្រើសរើស យកកសិដ្ឋានដាំឈើហូបផ្លែនៅភូមិឃុំអូរឬស្សីកណ្តាល ក្នុងស្រុកសៀមបូក ធ្វើជាកសិដ្ឋានគំរូ សម្រាប់កសិករផ្សេងៗមកសិក្សារៀនសូត្រយកបច្ចេកទេសទៅដាំដុះ ឈើហូបផ្លែដោយឥតគិតថ្លៃ។
ក្នុងឱកាសចុះពិនិត្យការដាំដំណាំឈើហូបផ្លែកាលពីថ្ងៃទី២៩មីនាឆ្នាំ២០២១ លោក ទំ នីរ៉ូ ប្រធានស្តីទីមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្ត បានចាត់ទុកថា៖ កសិដ្ឋានមួយនេះប្រជាកសិករ អាចមកសិក្សាយកបច្ចេកទេសដាំដំណាំឈើហូបផ្លែបាន ព្រោះម្ចាស់កសិដ្ឋានមួយនេះ មានបទពិសោធន៍ត្រឹមត្រូវនិងដាំដុះដំណាំបានច្រើនមុខទទួលបានផលតាមបំណងហើយ។
លោកប្រធានស្តីទីបន្ថែមថា នេះជាយន្តការមួយក្នុងការជំរុញឲ្យក្រុមកសិករ បានផ្តល់បទពិសោធន៍ជូនគ្នាទៅវិញ ទៅមកនិងទទួលយកចំណេះដឹងថ្មីៗ យកទៅអនុវត្តន៍ដាំដំណាំឈើហូបផ្លែ នៅតាមមូលដ្នាន និងបានបង្ហាត់បង្រៀនបន្ត ពីបច្ចេកទេសក្នុងការថែទាំ។
លោក សៅ មេងអាន ម្ចាស់កសិដ្ឋានដំណាំឈើហូមផ្លែបាន បញ្ជាក់ថា បច្ចុប្បន្នកសិករនៅខេត្តស្ទឹងត្រែងភាគច្រើន កន្លងមក ពុំសូវនិយមដាំឈើហូមផ្លែទេ ភាគច្រើនពួកគាត់ដាំតែដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ,ស្វាយចន្ទី, ស្វាយកែវ រមៀត និងដំឡូងមីតែប៉ុណ្ណោះ។
លោកបន្តថា បច្ចេកទេសដាំឈើហូបផ្លែនេះ លោកអាចបង្ហាត់បង្រៀនបាន ឱ្យតែបងប្អូនកសិករមកសិក្សារៀនសូត្រ លោកមិនដែលគិតតម្លៃថ្លៃថ្នូរអ្វីទេ ហើយជាង១០មកនេះ លោកបានដាំស្វាយចន្ទី,ត្របែក,មៀន,ក្រូច, ខ្នុរ,ដូង,ស្វាយកែរាជ,ទុរេន,តាងែន ,មៀនក្រអូប ,មាក់ប្រេង , មាក់ប្រាង និងចម្ប៉ាដាក់ ជាដើម គ្រាន់ជាគំរូ សម្រាប់ កសិករមកសិក្សា ហើយខ្លះក៍ទទួលបានផលនាំយកទៅផ្គត់ផ្គង់នៅផ្សារហើយដែរ។
សូមបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះមន្ទីរកសិកម្មសហការជាមួយគម្រោងបន្លែផ្លែឈើកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំឈើហូបផ្លែដល់កសិករបានជាច្រើនលើករួចមកហើយ តែពួកគាត់បានយកទៅធ្វើពិសោធន៍គ្រាន់តែដាំដុះជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ មិនបានបង្កើនបរិមាណដាំឱ្យបានច្រើន សម្រាប់ប្រមូលផលយក ទៅផ្គត់ផ្គង់ទីផ្សារនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន