ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីចិនតំបន់ស៊ីនជាំង៖ ប្រាប់ក្រុមហ៊ុនអន្តរជាតិកុំយកបញ្ហានយោបាយ ទៅពាក់ព័ន្ធការទិញកប្បាសនៅស៊ីនជាំង

ចែករំលែក៖

អន្តរជាតិ​៖​ បេីតាមការ​អះអាងពីលោក Xu Guixiang អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំង​ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ​២០២១​ បានលើកឡើងថា​ ក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា៖ H&M ជាដើមមិនគួរសម្រេចចិត្តបែបប្រញាប់ ប្រញាល់ ឬជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយនោះឡើយ។ ជាក់ស្ដែង​ចំពោះ​ការព្រមានរបស់មន្ត្រីតំបន់ស៊ីនជាំង អះអាងបែបនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនអន្តរជាតិរបស់ក្រុមហ៊ុនបស្ចិមលោកទាំងនោះលើកឡើងសេចក្តីបារម្ភទាក់ទងទៅនឹងការសង្ស័យជុំវិញពលកម្មដោយបង្ខំ ក៏ដូចជាអំពើប្រល័យ ពូជសាសន៍ក្នុងតំបន់នោះ។

លោក Xu Guixiang អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំង​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖«ខ្ញុំគិតថា ក្រុមហ៊ុនមិនគួរយកបញ្ហានយោបាយទៅពាក់ព័ន្ធ ទៅនឹងសកម្មភាពសេដ្ឋកិច្ចឡើយ»។ អ្នកនាំពាក្យរូបនេះ​ និយាយទៀយថា​ ចំពោះ​ការប្រញាប់ប្រញាល់ឬសម្រេចចិត្តដែលពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មជារឿងដែលមិន សមហេតុសមផល។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ ពលរដ្ឋចិនមួយចំនួនធំ ចាប់ផ្តើមពហិការមិនទិញទំនិញក្រុមហ៊ុនរបស់ក្រុមហ៊ុនបស្ចិមលោក ស្របពេលដែល អង់គ្លេស អាមេរិក និងសហភាពអឺរ៉ុបរួមគ្នាដាក់ទណ្ឌកម្មលើមន្ត្រីតំបន់ស៊ីនជាំងដែលជាប់ការសង្ស័យពីការបំពាន សិទ្ធិមនុស្ស។ ចំណែក​រដ្ឋាភិបាលអាមេរិក ថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលចិនជាសាធារណៈចំពោះការប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចមូស្លីមវីហ្គ័រថែមទៀតផង។

ជាមួយគ្នានេះ​ កាលពីសប្តាហ៍មុន​ អ្នកប្រើប្រាស់បណ្តាញសង្គមចិន បានចាប់ផ្តើមចែកចាយសេចក្តីថ្លែការណ៍ របស់ក្រុមហ៊ុន H&M កាលពីឆ្នាំ២០២០ ដែលលើកឡើងពីការឈប់ទិញកប្បាសពីតំបន់ស៊ីនជាំង។ គ្រានោះ H&M ក៏ធ្លាប់​អះអាងថា បញ្ហាស្មុគស្មាញក្នុងការបញ្ជាក់ពីប្រភពរបស់កប្បាសក្រោយរបាយការណ៍ស្តីពីពលកម្មដោយបង្ខំជាហេតុជំរុញឱ្យខ្លួនលែងយកកប្បាសពីតំបន់នោះ។

ចំណែក​លោក Elijan Anayat អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំងមួយរូបផ្សេងទៀត​ ក៏បានអះអាងដែរថា ពលរដ្ឋចិនមិនចង់ទិញ ផលិតផលរបស់ក្រុមហ៊ុនដូចជា H&M និង Nike ដែលឈប់ទិញកប្បាសតំបន់ស៊ីនជាំង។ បន្ថែមពីនេះ​លោក Elijan និយាយបន្តថា ចិនស្វាគមន៍ក្រុមហ៊ុនទាំងឡាយណាដែលចង់បំពេញទស្សនកិច្ចទៅកន្លែងដាំកប្បាស និងពិនិត្យដោយផ្ទាល់នូវ អ្វីដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា​ អាមេរិក​ បានថ្កោលទោសយុទ្ធនាការលើបណ្តាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអ៉ីនធេីណេតចិនចំពោះ ពហិការមិនទិញផលិតផលរបស់ក្រុមហ៊ុនអាមេរិក និងអន្តរជាតិ ដែលប្តេជ្ញាចិត្តមិនទិញផលិតផលកប្បាសពី តំបន់ស៊ីនជាំង។ មិនតែប៉ុណ្ណោះ​អាមេរិក​ ថែមទាំងចោទថា ចលនាបង្កើតឡើងដោយអាជ្ញាធរចិនទៀតផង។

សូមជម្រាបដែរថា​ ​អាមេរិក​ កាល​ពី​ខែមករា ឆ្នាំ២០២១កន្លង​ទៅ​ បានប្រកាសហាមឃាត់ការនាំចូលកប្បាស និងប៉េងប៉ោះទាំងអស់ដែលផលិតក្នុង តំបន់ស៊ីនជាំង ដោយសង្ស័យពីពលកម្មដោយបង្ខំពីសំណាក់ជនជាតិភាគតិចមូស្លីមវីហ្គ័រ។ ខណៈ​រដ្ឋាភិបាលបស្ចិមលោក ក៏ដូចជាក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អាជ្ញាធរចិនចំពោះការឃុំខ្លួន និងធ្វើទារុណកម្មជនជាតិភាគតិចទាំងនោះ ខណៈអ្នកដែលធ្លាប់បានឃុំខ្លួនអះអាងថា មានការអប់រំមនោគមវិជ្ជានៅទីនោះផងដែរ៕ដោយ​៖ស​ តារា​

 

រូបភាព​៖​ ឯកសារ​ លោក Xu Guixiang អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំង​

 

រូបភាព​៖​ ចំការកប្បាសតំបន់ស៊ីនជាំង

រូបថត​៖Xinhua


ចែករំលែក៖