ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ​ បន្ត​យកសំណាកមនុស្សជាង៣០០នាក់​ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី៤ដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការនៅស្រុកសំរោង​ ខណៈ​បុរសម្នាក់ជាចុងភៅឆ្លងកូវីដ-១៩

ចែករំលែក៖

ខេត្ត​តាកែវ​៖ នៅព្រឹកថ្ងៃ អង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាលជាច្រើននាក់ បានបន្តចុះទៅយកសំណាកមនុស្សជាង ៣០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាលើកទី៤​ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ។ បន្ទាប់ពីក្រុមគ្រូពេទ្យ​ បានធ្វើតេស្តលើកទី៣​ ទៅលេីបុរសជាចុងភៅម្នាក់នៅក្នុងពិធីមង្គលការនោះ រកឃើញវិជ្ជមានជំងឺកូវីដ-១៩។

បេីតាមការ​បញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៉ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ​ បានថ្លែងនៅថ្ងៃទី៣០​ មីនានេះ​ថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីម្សិលមុិញ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣០០នាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី៤ ។

ចំណែក​អភិបាលស្រុកសំរោង លោក កេត ម៉ៅ ក៏បានថ្លែងឲ្យដឹងដែរថា សម្រាប់ស្រុកសំរោងមានមនុស្សដែលពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិក្រាំងលាវចំនួនជិត ២០០នាក់ ត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី៤ ដោយឡែកភូមិចំនួន២ ដែលត្រូវអាជ្ញាធប្រកាសបិទ ត្រូវបានបើកឡើងវិញហើយកាលពីម្សិលមុិញ ក៏ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបានធ្វើការណែនាំអោយបងប្អូន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបន្តធ្វើចត្តាឡីស័កបន្តទៅទៀតផងដែរ។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​អភិបាលស្រុកបាទី លោក ភួន ឈីម បានលើកឡើងផងដែរថា នៅក្នុងស្រុកបាទីមនុស្សចំនួន៣៦នាក់ ដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការក្នុងស្រុកសំរោង ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩លើកទី៤។

គួរបញ្ជាក់ថា ចំពោះ​ការចុះយកសំណាកលើកទី៤នេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ដោយ​៖សហការី​


ចែករំលែក៖