ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង សុខ សីឡាលីន អន់ចិត្តក្រោយបងប្រុសធ្វេសប្រហែសឆ្លងកូវីដ-១៩ ធ្វើឲ្យអំពល់ពេញមួយគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ បងប្រុសតារាចម្រៀង សុខ សីឡាលីន ម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ។ អ្វីដែលធ្វើឲ្យតារាស្រីរូបនេះស្រង៉ាកចិត្ត នោះគឺស្របពេលដែលសមាជិកគ្រួសារខិតខំប្រយ័ត្នគ្រប់គ្នា ប៉ុន្តែបែជាបងប្រុសធ្វេសប្រហែសនោះនាំឲ្យអំពុលពេញមួយគ្រួសារដែលមានសមាជិកជិត១០នាក់នោះ។

ទោះជាយ៉ាងណាការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយតារាចម្រៀងប្រចាំនៅផលិតកម្មរស្មីហង្សមាស រូបនេះបាន បង្ហាញការអន់ចិត្ដផង និងសោកស្ដាយផងចំពោះបងរបស់ខ្លួនគឺលោក សុខ សុធារិទ្ធ ហៅឌីន ដែលភ្លាត់ខ្លួនឆ្លងជំងឺកូវីដ-១៩។ កញ្ញាយល់ថា លទ្ធផលដែលបងប្រុសរបស់នាងទទួលបាននៅពេលនេះ គឺបណ្ដាលមកពីធ្វេសប្រហែស។
យោងតាមការបញ្ជាក់របស់នាងបានលើកឡើងថា ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី។ នាងបន្តថា ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ អ្វីដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស។ នាងថាលទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត បន្តែផ្ទះខ្ញុំត្រូវបានបិទហើយ ។ នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ។ 3កុំ 3ការពារណាបងប្អូន។ នេះគឺជាបទពិសោធន៍ និងជារំលឹកដាស់តឿនជាថ្មីសម្រាប់សមាជិកក្រុមគ្រួសារទាំងអស់ដែលគួរបង្កើនការប្រុងប្រយ័ត្ន និងបញ្ចប់ការដើរហើរសេរីបើមិនមានការចាំបាច់ នោះ។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹម ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖