ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៤ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ហើយបានទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅចំណុចជិតអូរឡៅការ នៅក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងភូមិសាស្រ្តភូមិមេប៉ៃ ឃុំជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះមន្រ្តីឧទ្យានុរក្សបានដកហូតរណារយន្ត២គ្រឿង, ម៉ូតូកែច្នៃ៣គ្រឿង ដែលផ្ទុកឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន៣សន្លឹក។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សបាននាំយកវត្ថុតាងខាងលើទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយបញ្ចប់ប្រតិបត្តិការទប់ស្កាត់បទល្មើស ក្រុមការងារក៏បានឆ្លៀតពេលដើររើស និងប្រមូលសំរាមដែលនៅរាយប៉ាយក្បែរចំណុចអូរ ឲ្យបានស្អាត៕
ដោយ៖ សូរិយា