ប្រភពព័ត៌មានពីសារព័ត៌មាន Nikkei Asia បានផ្សាយថា សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មរវាង ចិន និងកូរ៉េខាងជើង នឹងតភ្ជាប់ឡើងវិញនៅដើមខែមេសាឆ្នាំ២០២១ ក្រោយពីជាប់គាំងជាង១ឆ្នាំកន្លងមក ដោយសារកូវីដ-១៩។
ឆ្លើយតបទៅនឹងសារព័ត៌មាន Nikkei Asia នាថ្ងៃទី៣០ខែមីនា ប្រធានក្រុមហ៊ុនចិននៅខេត្តដានដុងប្រទេសចិន បានឱ្យដឹងថា កូរ៉េខាងជើងមានគម្រោងឱ្យនាំចូលទំនិញពីចិនជាថ្មីឡើងវិញនៅខែមេសាខាងមុខ។ ចំណែកភាគីចិនក៏បានត្រៀមទំនិញជាច្រើនដើម្បីនាំទៅកាន់កូរ៉េខាងជើងនៅពេលបើកព្រំដែន។
នៅពេលនេះតំបន់ព្រំដែនក៏បានបង្កើតទីតាំងត្រួតពិនិត្យ ធ្វើតេស្តកូវីដ-១៩ ទាំងនោះជាសញ្ញាដ៏ល្អដើម្បីបន្តដំណើរការសេដ្ឋកិច្ចតាមព្រំដែន ហើយទំនិញដឹកជញ្ជូនតាមនាវា និងរថយន្តក៏នឹងត្រូវចាប់ផ្តើមឡើងវិញផងដែរ។
ចាប់តាំងពីចុងខែមករា កូរ៉េខាងជើងបានបិទទាំងស្រុងនូវផ្លូវចរាចរណ៍ដឹកជញ្ជូនឆ្លងព្រំដែន ទាំងប្រទេសចិន និងរុស្ស៊ី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ អ្នកទេសចរបរទេសត្រូវបានហាមប្រាមទៅកាន់ទឹកដីកូរ៉េខាងជើង។
ទំនិញពីប្រទេសចិនចូលទៅកាន់កូរ៉េខាងជើង បានថយចុះដល់ទៅ៨០,៧%នៅក្នុងឆ្នាំ២០២០ មានទឹកប្រាក់តែ៥៣៩លានដុល្លារប៉ុណ្ណោះ គឺជាចំនួនទាបបំផុតមិន
ធ្លាប់មានចាប់តាំងពីឆ្នាំ២០០០មក។
កូរ៉េខាងជើង ជាប្រទេសមិនមានករណីឆ្លងកូវីដ-១៩ម្នាក់ណាឡើយ ខណៈប្រទេសនិងដែនដីជាង ២០០នៅលើពិភពលោកបានឆ្លងកូវីដ-១៩ និងមានពលរដ្ឋជាង១២៨ លាននាក់បានឆ្លង និងស្លាប់ជាង២,៨លាននាក់៕ ដោយ ៖ធីរីណា
រូបភាព៖ABC
រូបភាព៖SCMP