ព័ត៌មានទាន់ហេតុការណ៍៖

តុលាការព្រហ្មទណ្ឌទីក្រុងបាងកក​៖ សម្រេច​ចោទ​ប្រកាន់​មហាសេដ្ឋីថៃ និងជាឥស្សរជនប្រឆាំងដ៏លេចធ្លោម្នាក់ ពីបទប្រមាថព្រះមហាក្សត្រ

ចែករំលែក៖

អន្តរជាតិ​៖ មហាសេដ្ឋីថៃ និងជាឥស្សរជនប្រឆាំងដ៏លេចធ្លោម្នាក់ គឺលោក Thanathorn Juangroongruangkit នៅថ្ងៃអង្គារទី៣០ ខែមីនា ឆ្នាំ២០២១នេះ​ ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងបាងកក​ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រថៃ បន្ទាប់ពីលោកបានបង្ហោះវីដេអូ​ ចោទសួរពីការពឹងផ្អែករបស់រដ្ឋាភិបាលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសាររាជវង្ស។

បើតាមទីភ្នាក់សារព័ត៌មានបារាំង AFP នៅថ្ងៃអង្គារ ទី៣០ ខែមីនានេះ​ បានចុះផ្សាយថា​៖​ លោក Thanathorn Juangroongruangkit ជាស្ថាបនិកនៃគណបក្សអនាគតឆ្ពោះទៅមុខដែលត្រូវបានតុលាការរំលាយ បន្ទាប់ពី​លោកបានបង្ហោះវីដេអូនៅលើហ្វេសប៊ុកកាលពីខែមករាកន្លងទៅ ដោយបានចោទជាសំនួរជុំវិញថា តើរដ្ឋាភិបាលថៃបានពឹងផ្អែកខ្លាំងកម្រិតណាទៅលើក្រុមហ៊ុនថៃ សៃយ៉ាម បាយអូសាយអិន (Siam Bioscience) ដែលជាកម្មសិទ្ធិរបស់ស្តេច សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននោះ?

ទោះ​បី​ជា​យ៉ាង​ណា​មិញ​ តុលាការព្រហ្មទណ្ឌទីក្រុងបាងកក​ នៅថ្ងៃអង្គារនេះបានសម្រេចចោទប្រកាន់លោក Thanathorn ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រលើវីដេអូនោះ ប៉ុន្តែលោកបានបដិសេធ។

ជាមួយគ្នានេះ​ មហាសេដ្ឋីវ័យក្មេងរូបនេះ បានលើកឡើងថា«អ្វីទាំងនោះវាមានលទ្ធផលវិជ្ជមានទៅវិញទេ សម្រាប់លើកទឹកចិត្តរដ្ឋាភិបាលឲ្យវាយតម្លៃគោលនយោបាយវ៉ាក់សាំងឡើងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ឲ្យបានល្អ។ វាគ្មានអ្វីត្រូវព្រួយបារម្ភទេ»។

គួរបញ្ជាក់ថា សម្រាប់​អ្នកដែលត្រូវបានផ្តន្ទាទោសតាមច្បាប់បរិហារកេរ្តិ៍យ៉ាងតឹងរឹងរបស់ប្រទេសថៃ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទចោទប្រកាន់មួយ៕ដោយ​៖ស​ តារា​

 

លោក Thanathorn Juangroongruangkit​ មហាសេដ្ឋីថៃ និងជាឥស្សរជនប្រឆាំងដ៏លេចធ្លោម្នាក់ នៅប្រទេសថៃ​

រូបថត​៖AFP


ចែករំលែក៖