ភ្នំពេញ៖ លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ កាលពីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការ ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកឲ្យចេញចូលឡើងវិញ នូវទីតាំងចត្តាឡីស័ក ត្រង់ចំណុចផ្លូវលេខ១៧បេ (បុរីពិភពថ្មី កួរស្រូវ៣) ស្ថិតនៅភូមិ កណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក និងពិនិត្យលទ្ធផល អវិជ្ជមានកូវីដ-១៩ ចំនួន ២លើក។
ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដង្កោ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្ត៖ ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធិភាព និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដ-១៩គ្រប់គ្នា!
សូមជម្រាបថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយៈពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
លើសពីនេះ សម្តេចតេជោ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ៖ស តារា