ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ យុទ្ធនាការចាក់វ៉ាក់សាំង​ ស៊ីណូវ៉ាក់​ ចំនួន​ ៧៤៥.០០០នាក់​ សម្រាប់វ៉ាក់សាំង​ ១,៥លានដូស​ ចាប់ពីថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន ដំណឹងជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេស ក្រោមការគិតគូរ និងយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បានសម្រេចឱ្យធ្វើការបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើប ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននូវ វ៉ាក់សាំងស៊ីណូហ្វាម (Sinopham) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន ៦០០.០០០ដូសរួច ហើយ (នៅសល់ចំនួន ៤០០.០០០ដូសទៀតដែលនឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឱ្យកម្ពុជា អាចឈានទៅទទួលបានជាដំបូងផងដែរ នូវវ៉ាក់សាំងកូវី សែល (covIS HIELD) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្ត្រាហ្សែនីកា (Astrazeneca) ផ្តល់ជាជំនួយតាមរយៈយន្តការមជ្ឈមណ្ឌលកូវ៉ាក់ (covAX Facility) ដោយមានការសម្របសម្រួលពីអង្គការសុខភាព ពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងតែដំណើរការចាក់ជូនក្រុមមនុស្សអាយុ ៦០ឆ្នាំឡើង ហើយនឹងមានវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខនេះ គ.វ.ក ១៩ រៀបចំការចាក់ជូនប្រជាជនតាមក្រុមគោលដៅអាទិភាពដែលត្រូវបានកំណត់ដោយ គ.វ .ក-១៩បាន និងកំពុងតែចាត់ចែង ដោយរាជរដ្ឋាភិបាល។

វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ ខឹងកាត់ បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែល បានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភព លោក ដែលបណ្តាប្រទេសមួយចំនួន បាន និងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ។

អាស្រ័យហេតុនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ .វ .ក.១៩ ) នាង ខ្ញុំសូមអំពាវនាវដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូន និងក្មួយៗទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំទៅដល់ ៥៩ឆ្នាំ ដែល ជាក្រុមដល់វេនទទួលវ៉ាក់សាំងដូចមានវាយបញ្ជីខាងក្រោមនេះសូមទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖