ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចជាតិនៅក្នុងបរិការដែល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ  រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេសត្រូវយកចិត្តទុកដាក់គោរព និង អនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ នូវ «សារាចរណែនាំលេខ០១ សរណន ចុះ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែ ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាស ឈប់សម្រាកនេះ- ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើបណ្ដាវិធានការលម្អិតបន្ថែម ដូចខាងក្រោម៖

១. ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់ នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី -ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។
២.សាធារណជនគ្រប់រូបទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១- សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយ មិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី -ខេត្ត។

ទី២- ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែង ដែលមាន ហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ។

ទី៣- ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែល មានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។
ទី៤- អនុវត្តវិធានការ «៣ ការពារ ” និង “៣ កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។
ទី៥- រាជរដ្ឋាភិបាលសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុក ដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។
ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជនត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖