ក្រោយពេលហាមប្រាមបណ្តាញសង្គមtiktok និងបណ្តាញផ្សេងទៀតជាច្រើន របស់ចិន នៅពេលនេះ ឥណ្ឌាបានសម្រេចបង្កកប្រាក់របស់ក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់tiktok នៅក្នុងធនាគារធំៗចំនួនពីរនៅឥណ្ឌា។
សារព័ត៌មាន South China Morning Post បានផ្សាយថា ឥណ្ឌា បានបង្កកប្រាក់ របស់ក្រុមហ៊ុនខាងលើ ក្រោយចោទប្រកាន់ថាក្រុមហ៊ុននេះបានគេចពន្ធ ។ នៅពេលនេះដែរ ក្រុមហ៊ុន ចិនក៏បានដាក់ពាក្យបណ្តឹងតវ៉ា ទាមទារឲ្យតុលាការឥណ្ឌាលុបច្បាប់បង្កកប្រាក់ខាងលើ ដោយបញ្ចាក់ថា ការបង្កកប្រាក់នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងសកម្មភាពរបស់ក្រុមហ៊ុននេះក្នុងប្រទេសឥណ្ឌា។
គណនីពីរដែលត្រូវបានបង្កកចំនួនពីរ របស់ក្រុមហ៊ុន ByteDance គឺនៅក្នុងធនាគារ Citibank និង HSBC ។ ឥណ្ឌាបានចោទប្រកាន់ ក្រុមហ៊ុន ByteDance ថាបានគេចពន្ធ ពេលធ្វើសកម្មភាព ផ្សាយពណិជ្ជកម្មជាមួយក្រុមហ៊ុនTikTok Pte Ltd នៅក្នុងប្រទេសសិង្ហបុរី។
ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌា បានហាមប្រាម ក្រុមហ៊ុន ខាងលើដកប្រាក់ចេញពីធនាគារ ។ ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា មានប្រាក់នៅក្នុងធនាគារខាងលើ ចំនួន១០ លានដុល្លារ ហើយរាល់សកម្មភាពរបស់ក្រុមហ៊ុនត្រូវបានជាប់គាំង ពេលប្រាក់ត្រូវបង្កកនោះ។
ឥណ្ឌាបានហាមប្រាមបណ្តាញកម្សាន្ត tiktok របស់ចិន ក្រោយ ទាហានប្រទេសទាំងពីរ ប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យមានទាហានប្រទេសទាំងពីរស្លាប់ជាច្រើននាក់។ ក្រុមហ៊ុន ByteDance មានបុគ្គលិកប្រមាណ១៣០០នាក់នៅក្នុងប្រទេសឥណ្ឌា៕ ដោយ៖ធីរីណា
ប្រជាជនឥណ្ឌាព្យួរសញ្ញា “TikTok ត្រូវបានហាមឃាត់នៅទីនេះ” នៅឯប្រាសាទមាសក្នុងទីក្រុង Amritsar ។ រូបភាព៖AFP ។