ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព: រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ,ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ!

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ!

លោករដ្ឋលេខាធិការបានលើកឡើងថា, សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖
រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ!
វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!

លោកបន្តថា, ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀតដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!

ដោយ ៖ សិលា


ចែករំលែក៖