ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសប្រចាំរដ្ឋសភាអាមេរិកប្តឹង លោកត្រាំ ពាក់ព័ន្ធអំពើហិង្សាថ្ងៃទី៦ខែមករា

ចែករំលែក៖

ប៉ូលិសពីររូបឈ្មោះ James Blassingame និង Sidney Hemby តំណាងឲ្យប៉ូលិសដែលការពារវិមានកាពីតូល(វិមានរដ្ឋសភា) បានដាក់ពាក្យបណ្តឹងប្តឹងលោកត្រាំ នៅថ្ងៃទី៣០ ខែមីនា(ពេលវេលាអាមេរិក) ។ នៅក្នុងលិខិតបានចោទប្រកាន់លោកត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សាបណ្តាលឲ្យប៉ូលិសរាប់សិបនាក់រងរបួស និងស្លាប់ម្នាក់។
នៅក្នុងពាក្យបណ្តឹងបញ្ជូនឡើងទៅកាន់តុលាការទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មន្ត្រីប៉ូលិស២រូបខាងលើ បាន ឱ្យដឹងថា ពួកគាត់ទទួលរងរបួសយ៉ាងធ្ងន់ទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយសារតែបាតុកម្មបង្កហិង្សានៅវិមានរដ្ឋសភាកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១។
កម្លាំងប៉ូលិសបានឱ្យដឹងថា លោកត្រាំគឺជាអ្នកញុះញង់ឱ្យមានអំពើហិង្សាកើតឡើង ខណៈលោកត្រាំស្វែងរកគ្រប់វិធីសាស្ត្រដើម្បីការពារតំណែង ហើយចោទប្រកាន់ថាមានការបន្លំក្នុងការបោះឆ្នោត ។
នៅក្នុងពាក្យបណ្តឹង កម្លាំងប៉ូលិស បានបញ្ជាក់ថា ពួកគាត់រងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកភ្នែក ធ្វើឲ្យហើមភ្នែក ប៉ះពាល់បំពង់ក … ក្រៅពីនេះគឺប៉ះពាល់ស្មារតីយ៉ាងខ្លាំង។ ប៉ូលិសឈ្មោះ Blassingame បានធ្វើការនៅក្នុងរដ្ឋសភារយៈពេល១៧ឆ្នាំកន្លងមកហើយ ត្រូវប្រឈមនឹងបញ្ហាស្មារតី ក្រោយអំពើហិង្សានៅក្នុងរដ្ឋសភា។ នៅក្នុងពាក្យបណ្តឹង កម្លាំងប៉ូលិសបានទាមទារសំណងយ៉ាងតិច ៧៥០០០ ដុល្លារសម្រាប់ប៉ូលិសម្នាក់ៗ ដែលរងផលប៉ះពាល់ដោយអំពើហិង្សា ៕

ដោយ ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖