ភ្នំពេញ៖ នេះជាបេសកកម្មដ៏ថ្លៃថ្លា និងជាការផ្តល់ឱកាសប្រកបដោយក្តីមោទនៈពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សម្រាប់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរួមមាន ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងការបម្រើជាតិ មាតុភូមិតាមរយៈយុទ្ធនាការចាក់វាំងសាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទស។ ក្នុងថ្ងៃបើកយុទ្ធនាការនេះ ជំនួសមុខឱ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនគ្រូពេទ្យទាំងអស់ដែលបានស្ម័គ្រចិត្តតាមការអំពាវនាវរបស់ ស.ស.យ.ក. ចូលរួមបំពេញការងារដ៏មានតម្លៃមួយនេះ និងសូមជូនពរឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់។
ទន្ទឹមនឹងនេះផងដែរ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកទទួលវ៉ាក់សាំង សូមចូលរួមសហការជាមួយក្រុមគ្រូពេទ្យរបស់យើង ជាពិសេសប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ទោះនៅទីតាំងចាក់វ៉ាក់សាំង និងទីកន្លែងផ្សេងក៏ដោយ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩កំពុងត្រូវបានបញ្ចូនមកបន្តបន្ទាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចា និងបញ្ជាទិញ៕
ដោយ ៖ សិលា