ព័ត៌មានទាន់ហេតុការណ៍៖

មើលមុខ ! អ្នកបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 បានចូលខ្លួនទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:ហើយ!

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វេសប៊ុកក្លែងក្លាយ​ឈ្មោះ​ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ​ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត​នោះ បានចូលខ្លួនមកទទួលកំហុស​ ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: នៅព្រឹកថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការស្រាវជ្រាវ​ និងកោះហៅឈ្មោះ​ ឌិត​ សុវណ្ណារិទ្ធ​ ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងការបង្កេីតគណនីយហ្វេសប៊ុកក្លែងក្លាយរបស់​ ទទក​ ។ បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វេី ដោយបានធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:ផងដែរ។

ដេីម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​តទៅទៀតសមត្ថកិច្ចជំនាញបានធ្វេីការលុបគណនីក្លែងក្លាយនេះចោលហេីយ​។
សូមបញ្ជាក់ថា, កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយ បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញុង ធ្វើឱ្យសាធារណជនភ័ន្តច្រឡំថាជាការ ផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក TVK2 នេះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖