ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក​ និង​អង់គ្លេស​៖​ ព្រួតគ្នាថ្កោលទោសរដ្ឋាភិបាលចិន ដែលអនុម័តច្បាប់កំណែទម្រង់ ប្រព័ន្ធបោះឆ្នោតហុងកុង

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​គណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន​ នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តច្បាប់បោះឆ្នោតហុងកុងថ្មី​ ដែលរួមបញ្ចូលការកាត់បន្ថយចំនួនតំណាងរាស្ត្រដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងបង្កើតនីតិវិធីត្រួតពិនិត្យ បេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោត។ ជាក់ស្ដែង​ចំពោះ​សកម្មភាពនេះ​ បានធ្វេីឲ្យ​អាមេរិក និងអង់គ្លេសរិះគន់ខ្លាំងៗ។

ជាការ​ឆ្លេីយតបភ្លាមៗ​ រដ្ឋាភិបាលអង់គ្លេស​ បានលើកឡើងនៅថ្ងៃទី៣០ ខែមីនាថា ចិនរំលោភកាតព្វកិច្ចដែលមានជាមួយខ្លួនហើយ។ ចំណែក​អាមេរិក នៅថ្ងៃទី៣១ ខែមីនា ក៏បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលចិន ដែលបានអនុម័តច្បាប់កំណែទម្រង់ ប្រព័ន្ធបោះឆ្នោតហុងកុង។ អាមេរិក អះអាងថា វិធានការរបស់ចិនប៉ះពាល់ដល់លំហប្រជាធិបតេយ្យ។

បេីតាមការ​លើកឡើងក្នុងសារ អេឡិចត្រូនិកនាថ្ងៃទី៣១ ខែមីនា របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters​ បានគូសបញ្ជាក់ថា​៖«យើងបារម្ភជាយ៉ាងជ្រាលជ្រៅពីការកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង ដែលប្រឆាំងទៅនឹងឆន្ទៈនៃប្រជាជនហុងកុង និងមិនអនុញ្ញាតឱ្យពលរដ្ឋហុងកុងមានសំឡេងក្នុងកិច្ចការអភិបាលកិច្ចរបស់ខ្លួន»។

សូមជម្រាបថា​ កំណែទម្រង់ទ្រង់ទ្រាយធំក្នុងប្រព័ន្ធបោះឆ្នោតហុងកុង នាំឱ្យបង្កើនអាសនៈសភាតំបន់នេះពីចំនួន៧០ទៅ៩០ អាសនៈ ខណៈចំនួនតំណាងរាស្ត្រដែលជ្រើសចេញពីការបោះឆ្នោតធ្លាក់ចុះពី៣៥ មកត្រឹមតែ២០ ប៉ុណ្ណោះ។ កំណែទម្រង់នេះ ត្រូវបានចិនអះអាងថា ជាការពង្រឹងការគ្រប់គ្រងតំបន់ហុងកុង បន្ទាប់ពីខ្លួនបានអនុម័តច្បាប់ សន្តិសុខជាតិកាលពីខែមិថុនា ឆ្នាំ២០២០។

ដោយឡែក​លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab នៅថ្ងៃទី៣០ ខែមីនាក៏បានលើកឡើងថា ការកែប្រែប្រព័ន្ធ បោះឆ្នោតហុងកុងជាបំពានយ៉ាងជាក់ច្បាស់នូវសេចក្តីថ្លែងការណ៍រួមអង់គ្លេស-ចិន ព្រោះវាប៉ះពាល់សេរីភាពរបស់ ពលរដ្ឋហុងកុង និងបំពានកាតព្វកិច្ចអន្តរជាតិ។ សេចក្តីប្រកាសរួមឆ្នាំ១៩៨៤ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីចិន Zhao Ziyang និងនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher ធានាពីស្វ័យភាពកម្រិតខ្ពស់នៃ តំបន់នេះ។

ទាក់ទិននឹងបញ្ហានេះដែរ​ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា ចិនត្រូវតែគោរពកាតព្វកិច្ចដែលខ្លួនមានក្នុង សេចក្តីប្រកាសរួមឆ្នាំ១៩៨៤។​

គួរបញ្ជាក់ដែរថា​ លោកស្រី Carrie Lam នាយកប្រតិបត្តិហុងកុង​ នៅថ្ងៃទី៣០ ខែមីនា ក៏បានអះអាងថា ច្បាប់ដែលត្រូវបានអនុម័តដោយសភាប្រជាជនចិន នឹងត្រូវដាក់ឱ្យអនុម័តដោយសភាហុងកុងនាពាក់កណ្តាលខែមេសា ហើយរំពឹងថា នឹងត្រូវដាក់ ឱ្យប្រើប្រាស់នាចុងខែឧសភា៕ដោយ​៖ស​ តារា​

 

រូបភាព​៖តំណាងទង់ជាតិ​អាមេរិក ចិន និងតំបន់ហុងកុង

រូបភាព៖ AFP


ចែករំលែក៖