ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភាស្រីលង្កា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា គណបក្សសម្ព័ន្ធអំណាចប្រជាជនជាតិ (NPP) របស់ប្រធានាធិបតីថ្មីស្រីលង្កាAnura Kumara Dissanayake ទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតសភាដោយទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីអនុវត្តផែនការកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកោះដែលកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុមួយនេះ។
ជ័យជម្នះនេះត្រូវបានចាត់ទុកថា ជាការបោះឆ្នោតប្រវត្តិសាស្ត្រដែលបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយចំពោះការផ្លាស់ប្តូរ និងការរួបរួមជាតិ។ ការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលពីតំបន់ភាគខាងជើងនិងខាងកើត ដែលជាទីលំនៅរបស់ជនជាតិភាគតិចតាមិល បានរួមចំណែកដល់ជ័យជម្នះនេះ។ អ្នកវិភាគជឿជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងជួយពង្រឹងស្ថិរភាពនយោបាយនៅក្នុងប្រទេសស្រីលង្កា។
ទោះជាយ៉ាងណា ក៏មានការព្រួយបារម្ភ អំពីភាពមិនប្រាកដប្រជា នៃគោលនយោបាយសេដ្ឋកិច្ចនិងបញ្ហាប្រឈមក្នុងការដឹកនាំរដ្ឋាភិបាល ដោយសារកង្វះខាតអ្នកដឹកនាំដែលមានបទពិសោធន៍។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ស្រីលង្កាបានប្រកាសក្ស័យធនដោយសារបំណុលរបស់រដ្ឋច្រើនលើសលប់។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ បាននាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំនិងការដួលរលំនៃរដ្ឋាភិបាល។ ក្រោយមក ស្រីលង្កាបានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានប្រាក់កម្ចី ជាថ្នូរនឹងការអនុវត្តកំណែទម្រង់សេដ្ឋកិច្ច។
បច្ចុប្បន្ន ប្រធានាធិបតីថ្មី លោក Anura Kumara បានប្តេជ្ញាថា នឹងសហការជាមួយ IMF ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនឹងព្យាយាមចរចាឡើងវិញ នូវលក្ខខណ្ឌមួយចំនួនដែលលោកយល់ថា មិនអំណោយផលដល់ស្រីលង្កា។ IMF បានបង្ហាញពីការបើកចំហក្នុងការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នាជាមួយរដ្ឋាភិបាលស្រីលង្កា៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖