ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រី Dr.Devyani Khobragada ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជារួមជាមួយសហការីបានទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្វែងយល់ពីប្រវត្តិសាស្រ្ត សិល្បៈ ស្ថាបត្យកម្មនៃរមណីយដ្ឋានសម័យមុនអង្គរមួយនេះដែលជាបេតិកភណ្ឌពិភពលោក។
ក្នុងដំណើរទស្សនានេះ លោកស្រីក៏បានចូលទស្សនាអណ្តូងទឹក ដែលជាការឧបត្តម្ភរបស់រដ្ឋាភិបាលឥណ្ឌា កាលពីឆ្នាំ២០១៩ដល់ពលរដ្ឋ នៅភូមិជុំវិញតំបន់សំបូរព្រៃគុក ។ អណ្តូងស្នប់ទាំងនេះនៅតែបន្តប្រើប្រាស់សម្រាប់ប្រជាជនក្នុងតំបន់នេះ ជាពិសេសនៅរដូវក្តៅ ដែលបឹង អូរមួយចំនួនត្រូវរីកស្ងួត។
ក្នុងដំណើរនេះ លោកស្រីអគ្គរដ្ឋទូតនិងសហការីក៏បានជួបពិភាក្សាជាមួយលោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក នៅទីស្នាក់ការខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីការគ្រប់គ្រង់ក្នុងតំបន់សំបូរព្រៃគុក និងអាចចូលរួមសហការក្នុងកិច្ចអភិរក្ស សិក្សាស្រាវជ្រាវ ក៏ដូចជាការអភិវឌ្ឍន៍ទេសចរណ៍ និងសហគមន៍នាពេលអនាគត៕ដោយ៖ សូរិយា