អន្តរជាតិ៖ បន្ទាប់ពីប្រទេសចិន បានហាមឃាត់ការនាំចូលធ្យូងថ្មពីអូស្ត្រាលី ខណៈជាប់ពាក់ព័ន្ធការទាមទាររកប្រភពជំងឺកូវីដ-១៩ នោះ ចិនបាននាំចូលធ្យូងថ្មពីប្រភពផ្សេងទៀត ស្របគ្នានឹងការបង្កើនផលិតកម្មក្នុងស្រុកផងដែរនោះ។ ស្រាប់តែនាពេលថ្មីៗនេះមន្ត្រីចិន បានអះអាងថា ចិនមិនប្រឈមការខ្វះខាតធ្យូងថ្មសម្រាប់ការផលិតថាមពលផ្គត់ផ្គង់ក្នុងប្រទេសឡើយ បើទោះជាចិនបានបិទការនាំចូលពីអូស្ត្រាលីក្ដី។
ជាក់ស្ដែងបេីតាមការលើកឡើងរបស់លោក Zhang Jianhua នាយករដ្ឋបាលថាមពលជាតិ (NEA) នាសន្និសីទសារព័ត៌មានមួយ តបនឹងសំណួរទាក់ទងផលប៉ះពាល់នៃបម្រាមនាំចូលធ្យូងថ្មពីអូស្ត្រាលី បានគូសបញ្ជាក់ថា៖«មិនថាកាលៈទេសៈបែបណា ជាមួយការគាំទ្ររបស់រដ្ឋាភិបាលក្នុងស្រុក និងការសហការយ៉ាងរឹងមាំជាមួយដៃគូក្រុមហ៊ុនជាច្រើនផ្សេងទៀតនោះ គ្មានបញ្ហារាំងស្ទះក្នុងការផលិតថាមពលផ្គត់ផ្គង់នោះទេ»។
បើតាមសារពត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ទិន្នន័យរដ្ឋបាលគយចិនបង្ហាញ ការនាំចូលធ្យូងថ្មបានធ្លាក់ចុះពី៣៩,៥ភាគរយនៅខែមករា និង៣៣,៧ភាគរយនៅក្នុងខែកុម្ភៈ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នៅឆ្នាំ២០១៩ ធ្យូងថ្មភាគច្រើនដែលនាំចូល ត្រូវបានដឹកពីអូស្ត្រាលី។ ក្រោយការបិទការនាំចូលពីអូស្រ្តាលី ចិនបានងាកទៅរកប្រភពផ្សេង និងនាំចូលធ្យូងថ្មីប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ី រុស្ស៊ី កូឡុំប៊ី និងអាហ្វ្រិកខាងត្បូងខាងដើម។
ដោយឡែកជាមួយនឹងការរកប្រភពថ្មី ចិនក៏បង្កើនផលិតកម្មធ្យូងថ្មក្នុងស្រុកដែរ។ ប្រភពព័ត៌មានខាងលើស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិ ថា ផលិតកម្មធ្យូងថ្មក្នុងស្រុករយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ បានកើនឡើង២៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះដែរកាលពីឆ្នាំមុន បើទោះបីអត្រាផលិតកម្មប្រចាំថ្ងៃធ្លាក់ចុះបន្តិចក្ដី។
សូមរម្លឹកដែរថា រដ្ឋាភិបាលចិន បានបិទការនាំចូលធ្យូងថ្មីពីអូស្ត្រាលី ក្រោយរដ្ឋាភិបាលទីក្រុងកង់បេរ៉ាចេញមុខចេញមាត់ខ្លាំងក្នុងការទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពជំងឺកូវីដ-១៩ ដែលផ្ទុះចេញដំបូងនៅទីក្រុងវូហាននៅចុងឆ្នាំ២០១៩ ។ កន្លងមក ធ្យូងថ្មអូស្រ្តាលីជាប្រភពថាមពលដ៏សំខាន់មួយក្នុងការជំរុញកំណើនផលិតកម្មថាមពលរបស់មហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកមួយនេះ។
គួរបញ្ជាក់ថា ធ្យូងថ្ម ជាប្រភពថាមពលដ៏សំខាន់មួយក្នុងការរុញច្រានសេដ្ឋកិច្ច។ ការប្រើប្រាស់ធ្យូងថ្ម ក្លាយជាចំណែដ៏ធំមួយដែលធ្វើឱ្យចិនជាប់ឈ្មោះជាប្រទេសបញ្ចេញឧស្ម័នពុលធំជាងគេរបស់ពិភពលោក។ ប៉ុន្តែនៅប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលចិនដាក់ចេញគោលនយោបាយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មឱ្យស្របតាមគោលដៅបរិស្ថានបៃតង។ គិតត្រឹមដំណាច់ឆ្នាំ២០២០ ចិនកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មមកត្រឹម៥៦,៨ភាគរយនៃប្រភពថាមពលទាំងអស់៕ដោយ៖ស តារា
រូបភាព៖ឯកសារ